ខេត្តកំពង់ចាម៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកេីតឡេីងទាំងយប់ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នង និងតូបលក់ដូររបស់អាជីវករផ្សារស្ពឺចំនួន ១៦កន្លែង នៅស្រុកចម្ការលើ ខេត្តកំពង់ចាម ខ្ទេចទាំងស្រុង។
ករណីគ្រោះអគ្គិភ័យនេះ បានកេីតឡេីងនៅកាលពីម៉ោងជាង ៩ យប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់នគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ក្រោយពីទទួលព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គិភ័យ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់មុនគេ ។ បន្ទាប់មកលោកស្នងការ ក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យដែលនៅតាមបណ្ដាស្រុកនានា ជាប់នឹងស្រុកចំការលើប្រមាណជា១០គ្រឿងចេញមកជួយអន្តរាគមន៍ជាបន្តបន្ទាប់ ដេីម្បីគ្រប់គ្រង់ស្ថានការឱ្យបានទាន់ពេលវេលាកុំឱ្យភ្លើងឆាបឆេះរាលដាលកាន់តែធំ។
ចំពោះករណីអគ្គិភ័យខាងលើនេះ មូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោងជាង ៩យប់ថ្ងៃទី៣ ឆាបឆេះខ្លាំងរហូតដល់វេលាម៉ោងជាង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទើបរលត់ ១០០ភាគរយដោយមានការជួយអន្តរគមន៍ពីសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ។
គួរបញ្ជាក់ថា ហេតុការណ៍នេះ បានផ្តើមឆេះចេញពីផ្ទះមួយខ្នងទំហំ ៧ម៉ែត្រ គុណនឹង ១០ ម៉ែត្រ សង់ពីថ្ម ដំបូលប្រក់ក្បឿងជាកម្មសិទ្ធិរបស់អ្នកស្រី ហេ វណ្ណី អាយុ ៧០ ឆ្នាំស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ និងបានឆេះរាលដល់តូបលក់ដូរទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ របស់អាជីវករផ្សារស្ពឺនៅជាប់របងគ្នាអស់ចំនួន ១៦ តូបខ្ទេចទាំងស្រុង៕ដោយ៖សហការី