ជីវប្រវត្តិសង្ខេបរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន

ចែករំលែក៖

ភ្នំពេញ៖ លោក គង្គ ប៊ុនឈឿន គឺជា កវីនិពន្ធល្បីឈ្មោះមានជំនាញទាំងផ្នែក បទចម្រៀង ភាពយន្ត និងសិល្បៈមួយ ចំនួនទៀត។ លោក គង្គ ប៊ុនឈឿន បាន ទទួលមរណភាពក្នុងជន្មាយ៧៧ឆ្នាំនៅ ប្រទេសន័រវេស (Norway) ដោយជំងឺ មហារីក។ លោកបានបន្សល់ទុកស្នាដៃនិពន្ធជាច្រើនសម្រាប់ឲ្យកូនខ្មែរសិក្សាឈ្វេង យល់ ហើយមហាជនក៏តែងស្ងើចសរសើរមិនដាច់ពីមាត់ថា លោកជាកវីនិពន្ធជើង ចាស់ដ៏ឆ្នើមដែលច្រើនសរសេរបង្ហាញអំពីតថភាពពិតនៅក្នុងសង្គមជាតិ រហូតដល់លោកបានរត់គេចពីការតាមចាប់ខ្លួនពីរដ្ឋាភិបាលទៅនៅក្រៅប្រទេសរហូតដល់ថ្ងៃ ទទួលមរណភាព។

កវីនិពន្ធម្ចាស់ស្ទឹងសង្កែ ជាកូនកសិករក្រីក្រម្នាក់ក្នុងចំណោមបងប្អូន២នាក់ តែជាអកុសលបងប្រុសរបស់លោកបានស្លាប់ទៅតាំងពីរូបលោកនៅវ័យកុមារភាពម្លេ៉ះ។

កវីនិពន្ធរូបនេះកើតនៅឆ្នាំ១៩៣៩ នៅភូមិចម្ការសំរោង ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោក បានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមាន កូនចំនួន៦នាក់គឺប្រុសម្នាក់ និងស្រី៥នាក់ ក្នុងនោះកូនចំនួន៥នាក់បានទៅរស់នៅប្រទេសន័រវេសនិងកូនស្រីម្នាក់នៅរាជធានីភ្នំពេញ។

កូនច្បងទីមួយអ្នកស្រី ប៊ុនឈឿន សូរិដា ថ្លែងថា ប្អូនៗរបស់អ្នកស្រីបានចាកចេញពីស្រុកខ្មែរទៅរស់នៅក្រៅប្រទេសតាមឪពុក របស់អ្នកស្រីតាំងពីឆ្នាំ២០០០រហូតមក។ អ្នកស្រីបន្ថែមថា អំឡុងពេលរស់នៅក្រៅប្រទេសគឺ៤ឆ្នាំដំបូងនៅប្រទេសថៃ ហើយ ក្រោយមក បានផ្លាស់ទៅរស់នៅប្រទេស ន័រវេសវិញ។ កូនស្រីរបស់កវីនិពន្ធល្បីឈ្មោះរូបនេះឲ្យដឹងទៀតថា ឪពុករបស់ អ្នកស្រីបានស្លាប់កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យ មួយនៃប្រទេសន័រវេសបន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ៣ឆ្នាំដោយសារជំងឺមហារីកតម្រងនោម ។

កវីនិពន្ធ គង្គ ប៊ុនឈឿន បានបន្សល់ស្នាដៃជាច្រើនដល់ក្មេងជំនាន់ក្រោយនៅមុនពេលលោកបានលាចាកលោក។ លោក ត្រូវបានគេស្គាល់ថា ជាកវីម្ចាស់ស្ទឹងសង្កែ។ ការនិរទេ្ទសខ្លួនរបស់ក្រុមគ្រួសារ លោក គង្គ ប៊ុនឈឿន កាលពីឆ្នាំ២០០០ មិនមែនលោកចង់ទៅរស់នៅឯបរទេសនោះទេ។

កូនស្រីរបស់លោកឲ្យដឹងថា ឪពុករបស់ អ្នកស្រីចង់នៅក្នុងស្រុកណាស់ ដើម្បីបន្ត អាជីពរបស់លោក និងចង់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យមានជំនាញតាក់តែងនិពន្ធបន្តពីលោក និងចង់លើកស្ទួយ វិស័យសិល្បៈ។ អ្នកស្រីបន្ថែមថា កវីនិពន្ធ គង្គ ប៊ុនឈឿន ធ្លាប់បួសរៀននៅវត្ត ពោធិ៍វាល ក្រុងបាត់ដំបង ហើយទទួល បានសញ្ញាបត្របឋមភូមិភាសាបាលី ឬ ហៅថាឌីប្លូម ប៉ុន្តែអ្នកស្រីមិនចាំថានៅឆ្នាំណាពិតប្រាកដនោះឡើយ។

កវីនិពន្ធម្ចាស់បទ “ស្ពានអូរតាគី” រូប នេះទទួលបានពានរង្វាន់លេខមួយជាលើក ដំបូងនៅឆ្នាំ១៩៥៧ ក្នុងការប្រឡងរឿង ប្រលោមលោក ក្រោមអត្ថបទមួយដែល មានចំណងជើងថា “ទឹកភ្នែកនារីឬស្នេហា លុះអវសាន”។ ក្រៅពីនេះ លោកក៏ធ្លាប់ ទទួលពានរង្វាន់ជាច្រើនទៀតពីសម្ដេចព្រះបាទ នរោត្ដម សីហនុ និងលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកស្រាវជ្រាវប្រវត្តិសិល្បករជំនាន់ដើម លោក សេង តារា ដែលបានសិក្សាច្បាស់លាស់អំពីជីវប្រវត្តិរបស់ លោក គង្គ ប៊ុនឈឿន មានប្រសាសន៍ថា កវីនិពន្ធជើងចាស់រូបនេះមានថ្វីដៃនិពន្ធសិល្បៈជាច្រើនផ្នែកមានជាអាទិ៍ទំនុកច្រៀង បទភ្លេង ប្រលោមលោក ភាពយន្ត ដឹកនាំរឿងព្រម ទាំងចេះគូរគំនូរផងដែរ ។

ជាងនេះទៅទៀត បទចម្រៀងរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ភាគច្រើនបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមជាតិដែលទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ចង់ឃើញ និងចង់ទស្សនាដល់ទីកន្លែង ជាពិសេសទឹកដីស្រុកកំណើតរបស់លោកនៅខេត្តបាត់ដំបងតែម្ដង។ ជាក់ស្ដែងបទចម្រៀងល្បីៗរួមមាន៖ ម្លប់ដូងទី១០, អារសាច់ ជូនម្ដាយ, អនុស្សាវរីយ៍ខ្នងភ្នំសំពៅ,កូនស្រីអ្នកនេសាទ ដែលច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា និងបទ រំដួលដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសំឡេងមាសលោក ស៊ិន ស៊ីសាមុត ជាដើម។

ក្រោយពីទទួលដំណឹងមរណភាពភ្លាម ពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងប្រទេសនិងអ្នករស់នៅក្រៅប្រទេស បានផ្ញើសារចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កវីនិពន្ធ គង្គ ប៊ុនឈឿន និងសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់កវីជើងចាស់ដែលមានថ្វីដៃរូបនេះ។

ទន្ទឹមគ្នានេះដែរបណ្ដាំចុងក្រោយរបស់កវីនិពន្ធម្ចាស់បទ ដងស្ទឹងសង្កែរូបនេះ ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook)នៅមុនពេល លោកទទួលមរណភាពនោះលោកបានផ្ដាំផ្ញើឲ្យពលរដ្ឋខ្មែរគ្រប់រូបត្រូវរួបរួមសាមគ្គី គ្នា ហើយត្រូវចេះស្រឡាញ់និងថែរក្សា ប្រពៃណីវប្បធម៌របស់ជាតិឲ្យបានគង់វង្ស៖ «យើងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បានប្រទេសជាតិរបស់យើងរស់នៅរុងរឿង បាន ហើយបើកាលណាបែកបាក់គ្នា នឹងវិនាសហិនហោចអស់គ្មានថ្ងៃរីកចម្រើនបាននោះទេ»។

អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុន ឈឿន សាច់ញាតិនឹងយកទៅតម្កល់ទុកនៅក្រុងបាត់ដំបង នៅខែឧសភា ឆ្នាំ ២០១៦។ ទោះបីជាយ៉ាងណាសាច់ញាតិមិនទាន់បញ្ជាក់ទីកន្លែងសម្រាប់បញ្ចុះអដ្ឋិធាតុនៅវត្តណាឲ្យបានច្បាស់លាស់នៅឡើយ៕

ea1 (7)

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print