ភ្នំពេញ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន២នាក់ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា៖ មនុស្ស ២នាក់ដែលត្រូវបានឃាត់ខ្លួននោះ៖ ទី១ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ,និងទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖ ការឃាត់ខ្លួនបុគ្គលទាំង២នាក់នេះ គឺយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្រោយឃាត់ខ្លួនរួចជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួន និងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តនីតិវិធី៕ដោយ៖សហការី