ខេត្តបាត់ដំបង ៖ មកដល់ព្រឹកថ្ងៃទី៦ខែ កុម្ភ: ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងនៅតែបន្តតាមប្រមាញ់ចាប់ជនដៃដល់ដែលបានធ្វើសកម្មភាពមនុស្សឃាតដោយចេតនាលើយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថាកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ម៉ោ១១និង៣០នាទីយប់ មានករណីមនុស្សឃាតកើតឡើង១លើក នៅលើដងផ្លូវស្ថិតក្នុងចំណុចក្រុមទី០៥ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ១ក្រុមជិះម៉ូតូប្រហែល១០គ្រឿង បានធ្វើការស្ទាក់កាប់ដោយដាវសាមូរ៉ៃទៅលើយុវជនម្នាក់បណ្តាលរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនរងគ្រោះឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនដៃដល់បានរត់គេចខ្លួនបាត់អស់ ។
ប្រភពដដែលបានឲ្យដឹងទៀតថាដោយមានការបញ្ជាផ្ទាល់ពីលោកសត្វកំសាន្តស្នងការនគរបាលខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចជំនាញតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់នោះកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយកម្លាំងនគរបាលស្រុកសំពៅលូនកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមួយចំនួនពាក់ព័ន្ធករណីមនុស្សឃាតនេះដោយមានតម្រុយខ្លះហើយៗ បន្ទាប់ពីដឹងថាករណីនេះកើតឡើងដោយសារគំនុំ។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំពៅលូនបានលួចបង្ហើបឲ្យដឹងថា ជនសង្ស័យទាំងនេះជាមនុស្សរស់នៅក្នុងភូមិឃុំជាមួយជនរងគ្រោះហើយពេលនេះពួកគេកំពុងគេចខ្លួននៅឡើយ៕