ភ្នំពេញ៖ ទីបំផុត! លោកឧត្តមសេនីយ៍ឯក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ពី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បន្ទាប់ពីជនរងគ្រោះប្តឹងពីបទឆបោកលុយជាង ៧ម៉ឺនដុល្លារ ជាថ្នូររត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច ហើយគេចមិនព្រមប្រគល់លុយឲ្យជនរងគ្រោះវិញនោះ។ ពេលនេះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចលោកអគ្គនាយករងរូបនេះ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មេីអគ្គនាយករង ។ នេះបេីយោងតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២។
ជាក់ស្ដែងបើយោងតាមបានពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គឺបានប្ដឹងលោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អាយុ៥១ឆ្នាំ មានតួនាទីជាអគ្គនាយករងពន្ធនាគារ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពីបទឆបោកប្រាក់ចំនួន ៧១.០០០ដុល្លារ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា, យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខណ្ឌនគរបាលជាតិសម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ដែលខ្លួនមានឋានន្ទរស័ក្តិផ្កាយបីអាចជួយឲ្យចូលក្របខណ្ឌបាន តម្រូវយកប្រាក់ក្នុងម្នាក់ពី១ម៉ឺនដុល្លារអាមេរិកឡើងទៅ ដោយធានាថារយៈពេល២ទៅ ៣ខែ នឹងបានចូលក្របខ័ណ្ឌរដ្ឋ បើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ ។
ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានប្រគល់ប្រាក់ចំនួន៧.១០០០ដុល្លារអាមេរិក ឲ្យទៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ដើម្បីឲ្យមនុស្ស៧ នាក់បានចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ។ ប៉ុន្តែក្រោយពេលទទួលបានប្រាក់ហើយ មកដល់បច្ចុប្បន្ននេះឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា មិនបានឲ្យបងប្អូនជនរងគ្រោះចូលក្របខណ្ឌទេ ហើយក៏មិនបានប្រគល់ប្រាក់ឲ្យដើមបណ្តឹងវិញដូចការអះអាងនោះដែរ ថែមទាំងគេចខ្លួនតែម្តង ។
ក្រោយពីមានពាក្យបណ្តឹង នោះហើយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា លើកទី១ និងលើកទី២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនទាំង២លើក តាមការកំណត់នោះឡើយ ។ ហើយពាក្យបណ្តឹងនោះសមត្តកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការ បើសិនជាភាគីទាំងពីរមិនអាចដោះស្រាយបញ្ចប់គ្នាបាន នៅចំពោះមុខនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ ។
ពាក់ព័ន្ធករណី ឆបោក លុយប្រជាពលរដ្ឋឆៅៗបែបនេះ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចរកការទំនាក់ទំនងទៅលោកផ្កាយ៣ អគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីស្រាយបំភ្លឺនូវការចោទប្រកាន់នោះបានទេ នាពេលនេះ ព្រោះគ្មានទូរស័ព្ទមិនអាចទំនាក់ទំនងសុំការបំភ្លឺបាន នៅរសៀសថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ៕ដោយ៖ស តារា