សមត្ថកិច្ច​ បន្តឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍​ ៤នាក់ទៀត ​ពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

​ភ្នំពេញ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន​ ៤នាក់​ទៀត​ ត្រូវ​បានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។​ នេះបើ​យោង​តាម​ដីការបស់​សាលាដំបូងរាជធានីភ្នំពេញ​ ដែល​ទេីប​ទទួល​បាន​នៅរសៀល​ថ្ងៃអាទិត្យទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២។

យោងតាម​ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា​៖ មនុស្ស​ ៤នាក់​ដែលត្រូវបានឃាត់ខ្លួននោះ៖ ទី១ឈ្មោះ ម៉េង​ កាក់នីកា ភេទស្រី អាយុ​ ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៤​ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ ,ទី២ ឈ្មោះ អេង​ ស្រីបូ ភេទស្រី​ អាយុ​ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៩៩៤​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​,ទី៣​ ឈ្មោះ​ អ៊ុក​ សុភ័ក្រ​ ភេទស្រី​ អាយុ​ ៣៤ឆ្នាំ​ ស្នាក់នៅផ្ទះលេខ​ ៤៩E3 ផ្លូវ​លេ​ខ​៣០១​ ភូមិ១៣​ សង្កាត់​បឹងកក់​ទី២​ ខណ្ឌ​ទួលគោក​,​ និង​ទី៤ឈ្មោះ​ ខេង​ ចិន្ថា​ ភេទស្រី​ អាយុ​ ៣៩ឆ្នាំ​ ស្នាក់នៅផ្ទះលេខ៣៩​ ផ្លូវលេខ១២៥​ ភូមិព្រៃដូនអុក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

ចំពោះការឃាត់ខ្លួនបុគ្គលទាំង​ ៤នាក់នេះ គឺយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យទាំង​ ៤នាក់ ត្រូវបាននាំខ្លួន និងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តនីតិវិធី៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print