ក្មេងទំនើង៥នាក់ចេញសងសឹកគំនុំចាស់ ទីបំផុតជាប់សំណាញ់កងរាជអាវុធហត្ថ ឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចកងរាជអាវុធហត្ថ​ខេត្តបានបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម បង្ករបួសស្នាមនិងធ្វើឱ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិមានស្ថានទម្ងន់ទោសដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់កាលពីថ្ងៃទីទី០៥និងទី០៦ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបករណីខាងលើ ដោយឃាត់ខ្លួនជនសង្ស័យបាន៥នាក់ គឺកាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ ឃាត់ខ្លួនបាន២នាក់ និងដកយកម៉ូតូចំនួន២គ្រឿង។ នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ឃាត់ខ្លួនបាន៣នាក់បន្ថែម និងធ្វើការឆែកឆេរលំនៅឋានមួយកន្លែងចាប់យកវត្ថុតាងរួមមាន៖ ដាវ៣ដើម កាំបិតបុ័ងតោ៣ ដំបងឫស្សី១ សោម៉ូតូ១ ក្បាំងកម៉ូតូ១ និងមធ្យោបាយម៉ូតូ៤គ្រឿងបន្ថែម។

សមត្ថកិច្ចបានបញ្ជាក់ដែរថាហេតុការណ៍ប៉ុនប៉ងមនុស្សឃាតដែលកើតឡើងខាងលើនេះគឺកើតឡើងកាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីនៅចំណុចផ្លូវចូលតាដុងតាដាំ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយក្រុមជនសង្ស័យខាងលើបានយកកាំបិត និងដាវដែលជាវត្ថុតាងខាងលើធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះខ្លា សុខលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចៀរជ័រកៅស៊ូ មានទីលំនៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឱ្យរងរបួសដៃស្តាំជាទម្ងន់(ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង) និងកាប់ម៉ូតូរបស់ជនរងគ្រោះ១គ្រឿងបែកជាបំណែក ច្រើនកន្លែង ខណ:ដែលជនរងគ្រោះកំពុងរត់ស្រែករកឱ្យគេជួយ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះកើតឡើងដោយសារតែមានគំនុំចាស់ជាមួយគ្នាពីមុនមក ហើយក្រុមក្មេងទំនើងខាងលើនេះក៏បានបន្ថែមលើមួយករណីទៀត គឺនៅវេលាម៉ោង១៨:៤០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាររស្មីពេជ្រ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយក្រុមជនង្ស័យខាងលើនេះ ក៏បានប្រើប្រាស់ដាវសាមូរៃ៉ និងកាំបិតជិះម៉ូតូ១គ្រឿងដេញកាប់ជនរងគ្រោះដែលកំពុងជិះម៉ូតូមានគ្នា២នាក់គឺ ១-ឈ្មោះណុប ចាន់សុភ័ក្ត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ២-ឈ្មោះឡាំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នាខាងលើ ហើយជនសង្ស័យបានដេញកាប់ជនរងគ្រោះខាងលើមកដល់កន្លែងកើតហេតុទើបជនរងគ្រោះទាំង២នាក់បានផ្តួលម៉ូតូទុកចោលរួចរត់កាត់វាលស្រែទាំងយប់។ ពេលនោះជនសង្ស័យបានកាប់ម៉ូតូជនរងគ្រោះបាក់បែកជាច្រើនកន្លែង (មូលហេតុមានគំនុំជាមួយគ្នា បើតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ)។
ក្រោយពេលកើតហេតុជនសង្ស័យដែលប្រព្រឹត្តបទល្មើសនោះ ខាងអាណាព្យាបាលរបស់ជនរងគ្រោះខាងលើ បានសហការជាមួយសមត្ថកិច្ចផ្តល់ចម្លើយរួមនឹងសាក្សីបានរាយការណ៍ ព្រមទាំងប្រាប់អត្តសញ្ញាណជនសង្ស័យមួយចំនួនដល់សត្ថកិច្ច ទើបធ្វើការតាមប្រមាញ់និងស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យខាងលើបានជាបន្តបន្ទាប់។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមនឹងវត្ថុតាងកំពុងឃាត់និងរក្សាទុកក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីឱ្យការិយាល័យជំនាញកសាងសំណុំរឿងបន្ថែមបញ្ជូនខ្លួនជនសង្ស័យទាំង៥នាក់ទៅអយ្យការសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print