ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន៧នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
យោងទៅតាមសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យទាំងនោះមាន១-ឈ្មោះ ធឿន មិញយ៉ាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ២-ឈ្មោះ កែវ សុគន្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ៣-ឈ្មោះជឿន ប៉ោសៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ។ ៤-ឈ្មោះ លូ ថេតង ភេទប្រុស នៅចំណុចខាងមុខហាងម៉ាស្សាយីហោ សាគូរ៉ា ក្នុងបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៥-ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចមុខផ្សារអន្តរជាតិ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៦-ឈ្មោះ ង្វៀង វាំងថាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកទទួលបដិសណ្ឋារកិច្ចសណ្ឋាគារ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ៧-ឈ្មោះ រូត ទី ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិវៀតណាម នៅចំណុចកាស៊ីណូញូវវើល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកវត្ថុតាងដែលបានចាប់យកទាំងអស់មាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន៦៦កញ្ចប់ (ធំ០១កញ្ចប់) មានទម្ងន់ ១៨៩,៨៩ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៧,១៣ក្រាម ។
២-ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៥១២ គ្រាប់មានទម្ងន់១៨២.៨៨ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៦,៨៥ ក្រាម ។
៣-ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន៣២១ គ្រាប់ និងកន្លះគ្រាប់ មានទម្ងន់ ១២១,១៣ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ១១៣,១៧ក្រាម ។
៤-ម្សៅម៉ត់ពណ៌សចំនួន៤០កញ្ចប់ (ធំ០១កញ្ចប់)មានទម្ងន់១៧៨,៧៦ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៦៦,៨៦ក្រាម ។
៥-ថ្នាំគ្រាប់ពណ៌ស្វាយចំនួន០៩គ្រាប់មានទម្ងន់៤,៩៧ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ៣.២០ក្រាម ។
៦-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន១៣គ្រាប់មានទម្ងន់៣,១០ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ១,១៩ក្រាម ។
៧-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៦ គ្រឿង ។
៨-ម៉ូតូចំនួន០៤គ្រឿង។
៩-ទូរស័ព្ទចំនួន១០គ្រឿង ។
១០-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
ប្រភពបន្ថែមទៀតថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលដោយលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង ១និង៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ម៉ោង១២ៈ២០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបានធ្វើការចុះបង្ក្រាប
និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់យកមកសាកសួរតែម្ដង៕
ដោយ៖ យឹម សុថាន