ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានហៅលោកសុខ សុគន្ធ (ជេមសុខ) ជា ជនតិរច្ឆាន ដែលភ្លេចកំណើតខ្លួនឯងជាខ្មែរ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជេមសុខឲ្យរក្សាប្រក្រតីភាព និងតម្កល់ ផលប្រយោជន៍ជាខ្មែរ ទោះខ្មែរនៅទីណាក៏ដោយ។ សម្តេចបានថ្លែងបែបនេះ ខណៈសម្តេច និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។
សម្តេចមានប្រសាសន៍ថា, សូមផ្តាំទៅប្អូន ជេម សុខ ផង ..ប្អូន ជេម សុខ អើយ ប្អូនឯងនិយាយ វ៉់យសំឡេង សំឡេងនៅបងណេះ ,ប្អូននិយាយក្នុងគោលដៅអោយបង ជេរប្អូនឯង ដើម្បីប្អូនឯងអូសទាញពួកប្រឆាំង ប៉ុន្តែបងមិនជេរប្អូនឯងទេ តែប្អូនឯងនិយាយខុសហើយ។ សម្តេចលើកឡើងថា, ឧទាហរណ៍ថាមានសង្រ្គាម សុខចិត្តកាន់អាវុធមកវ៉ៃខ្មែរ ប្អូន! បងប្រាប់ទៅប្អូន , ប្អូនអន់ជាងតិរច្ឆាន ..តិរច្ឆាន គង់ស្គាល់សំបុករបស់វា ប៉ុន្តែប្អូនបែរជា បើទោះបានចូលសញ្ជាតិបរទេស ល្អមិនគួរប្រើភាសាហ្នឹង , បើទោះប្អូនមិននិយាយ ក៏គ្មាននរណាគេប្អូន គរដែរ ប៉ុន្តែបងឃើញប្អូនតាំងពីកាត់ពោះវៀនមកនេះ ជំងឺប្អូនក៏វាមិនបានអាយុប៉ុន្មានដែរ ហើយប្អូនថា គង់តែងាប់ដដែល ហើយថារងចាំបងទៅអាមេរិក ហៅទៅធាក់២-៣ជើង បងមិនធាក់ប្អូនឯងទេ ! បងគ្រាន់តែប្រាប់ប្អូនឯងថា, ប្អូននិយាយខុសហើយ ធ្វើការប្រមាថជាតិសាសន៍ឯង ក្នុងពេលប្អូន ចូលសញ្ជាតិបរទេសក៏ដោយ ក៏ប៉ុន្តែប្អូនមិនគួរប្រមាថខ្មែរ ដល់កម្រិតហ្នឹងទេ ! យ៉ាងមេច ! ប្អូនចង់ធ្វើយ៉ាងម៉េចអោយបងជេរប្អូនឯង ដើម្បីប្អូនឯងជាច្រកចូលមួយ នៃពួកប្រឆាំង , ប្អូនឯងចង់អោយបងបង្ហោះ បងមិនបង្ហោះទេ តែបងគ្រាន់តែដាស់តឿននូវអ្វី ដែលជាសំឡេងប្អូនឯង ហើយប្អូនឯងកុំចូលទៅ ដេលីតចូលក្នុងហ្នឹង បងត្រង់ស្វ៊ៀចេញទៅកន្លែងផ្សេងអស់ហើយ គ្រាន់តែផ្តាំទៅប្អូនឯងប៉ុណ្ណឹង ។
សម្តេចមានប្រសាសន៍ថា, ឃើញខ្មែរយើងប្រតិកម្ម ជេម សុខ ទាំងក្នុងនិងក្រៅប្រទេស ។ប៉ុន្តែ ជេម សុខ នេះ ! គោលដៅគាត់និយាយចឹង ដើម្បីអោយខ្ញុំហ្នឹងជេរគាត់ ហើយនិយាយគ្នាតាមទូរស័ព្ទផង និយាយគ្នាតាមសំឡេង ចេះឡើងផង ថាកុំធ្វើចឹងអី កុំជេរធ្វើអី , គឺចង់បានច្រកចូល ពួកប្រឆាំង ៕