ទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ​ ជួបពិភាក្សាការងារជាមួយលោក​Juan Carlos Ruan ជាប្រធានលេខាធិការដ្ឋាននៃអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រេីប្រាស់​ ការដឹកជញ្ជូន​ ការស្តុកទុកគ្រាប់មីនប្រឆាំងមនុស្ស​ ដែលមានវសនដ្ឋាននៅក្រុងហ្សឺណែវ​ ប្រទេសស្វីស

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ៨ ខែកុម្ភៈ ឆ្នាំ២០២២​នេះ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ​ លោកហេង រតនាប្រធានមជ្ឈមណ្ឌលបោសសំអាតមីនកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក​Juan Carlos Ruan ជាប្រធានលេខាធិការដ្ឋាននៃអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រេីប្រាស់​ ការដឹកជញ្ជូន​ ការស្តុកទុកគ្រាប់មីនប្រឆាំងមនុស្ស​ ដែលមានវសនដ្ឋាននៅក្រុងហ្សឺណែវ​ ប្រទេសស្វីស​ ហេីយលេខាធិការដ្ឋាននេះត្រូវធ្វេីការសំរាប់រដ្ឋសមាជិកអនុសញ្ញាអន្តរជាតិ​នេះ​ ដែលមានចំនួន១៦៥ប្រទេស។ លោកJuan Carlos Ruan ចុះមកវាយតំលៃនេះ​ដោយបានកោតសរសេីរនូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិមួយនេះប្រកបដោយជោគជ័យជាមួយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ទន្ទឹងនឹងក្រុមរបស់លោកក៏ចង់ដឹងពីបញ្ហាប្រឈមនៃការបោសសំអាតគ្រាប់មីននៅតាមបណ្តោយព្រំដែននៃប្រទេសជិតខាងកម្ពុជា។
ខ្ញុំបានជំរាបជូនលោកJuan Carlos Ruan រាជរដ្ឋាភិបាលបានជំរុញភាពជាម្ចាស់លេីគ្រប់វិស័យ​ដោយរួមទាំងវិស័យមីនផងដែរ។ អង្គភាពសុីម៉ាក់ជាស្ថាប័នជាតិនិងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តសកម្មភាពបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​នោះ​ នឹងបន្តខិតខំធ្វេីឱ្យបានសំរេចអណត្តិរបស់រាជរដ្ឋាភិបាលក្នុងធ្វេីយ៉ាងណាឱ្យកម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥ខាងមុខនេះ។ អង្គភាពសុីម៉ាក់បានផែនការច្បាស់លាស់ក្នុងការរំដោះតំបន់ចម្ការមីនដែលមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិ​ចំនួនជាង៧០៧គីឡូម៉ែត្រក្រឡាស្មេីនឹងប្រមាណជិត៩០% នៃទំហំផ្ទៃដីនិងចំនួនចម្ការមីនដែលនៅសល់នោះត្រឹមចុងឆ្នាំ២០២៥។ ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ​ អង្គភាពសុីម៉ាក់មានផែនការសំរេចបោសសំអាតចម្ការមីនចំនួនជាង១៥០គីឡូម៉ែត្រក្រឡា​ និងចម្ការគ្រាប់បែកចង្កោមជាង៦០គីឡូម៉ែត្រក្រឡាផងដែរ។ ទន្ទឹងនឹងនេះ​ អង្គភាពសុីម៉ាក់បានទទួលការប្តេជ្ញាចិត្តពីរដ្ឋាភិបាលជប៉ុន​ ចិន​ UNDP និងសហរដ្ឋអាមេរិក​ ព្រមទាំងដៃគូដទៃទៀត បានគាំទ្រដល់ផែនការយុទ្ធសាស្ត្ររបស់អង្គភាពសុីម៉ាក់ពីពេល​នេះ​ (២០២២)​ ដល់ចុងឆ្នាំ២០២៥។ ករណីដែលអង្គភាពសុីម៉ាក់អាចរំដោះផ្ទៃដីប្រមាណ៩០%​បានសំរេច​តាមផែនការ​ដោយសហការជាមួយកងយោធខេមរភូមិន្ទ នោះប្រតិបត្តិករផ្សេងៗរួមមានអង្គការដោះមីនអន្តរជាតិអាចជួយសំរេចតែ១០%ជាមួយគ្នា អាចជួយរាជរដ្ឋាភិបាលសំរេចអណត្តិរបស់ខ្លួនស្របតាមអនុសញ្ញាអន្តរជាតិOttawa ខានតែបានត្រឹមចុងឆ្នាំ២០២៥។
លោកJuan Carlos Ruan បានស្តាប់លឺនិងឃេីញសមិទ្ធិផលជាក់ស្តែងសំរេចបានកន្លងមក​ លោកមានទំនុកចិត្តចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ​ដែលតែងតែចូលរួមយ៉ាងសកម្មបំផុតនិងលះបង់ខ្ពស់ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិOttawaនេះ​។ ទន្ទឹងនឹងនេះលោកក៏មានក្តីត្រេកអរនិងអបអរសាទរទុកជាមុន​ ចំពោះការប្តេជ្ញាចិត្តសំរេចតាមផែនការជាយុទ្ធសាស្ត្រដូចខាងលេីនេះ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print