ភ្នំពេញ ៖ នៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ លោកហេង រតនាប្រធានមជ្ឈមណ្ឌលបោសសំអាតមីនកម្ពុជាបានជួបពិភាក្សាការងារជាមួយលោកJuan Carlos Ruan ជាប្រធានលេខាធិការដ្ឋាននៃអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រេីប្រាស់ ការដឹកជញ្ជូន ការស្តុកទុកគ្រាប់មីនប្រឆាំងមនុស្ស ដែលមានវសនដ្ឋាននៅក្រុងហ្សឺណែវ ប្រទេសស្វីស ហេីយលេខាធិការដ្ឋាននេះត្រូវធ្វេីការសំរាប់រដ្ឋសមាជិកអនុសញ្ញាអន្តរជាតិនេះ ដែលមានចំនួន១៦៥ប្រទេស។ លោកJuan Carlos Ruan ចុះមកវាយតំលៃនេះដោយបានកោតសរសេីរនូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិមួយនេះប្រកបដោយជោគជ័យជាមួយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ទន្ទឹងនឹងក្រុមរបស់លោកក៏ចង់ដឹងពីបញ្ហាប្រឈមនៃការបោសសំអាតគ្រាប់មីននៅតាមបណ្តោយព្រំដែននៃប្រទេសជិតខាងកម្ពុជា។
ខ្ញុំបានជំរាបជូនលោកJuan Carlos Ruan រាជរដ្ឋាភិបាលបានជំរុញភាពជាម្ចាស់លេីគ្រប់វិស័យដោយរួមទាំងវិស័យមីនផងដែរ។ អង្គភាពសុីម៉ាក់ជាស្ថាប័នជាតិនិងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តសកម្មភាពបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនោះ នឹងបន្តខិតខំធ្វេីឱ្យបានសំរេចអណត្តិរបស់រាជរដ្ឋាភិបាលក្នុងធ្វេីយ៉ាងណាឱ្យកម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥ខាងមុខនេះ។ អង្គភាពសុីម៉ាក់បានផែនការច្បាស់លាស់ក្នុងការរំដោះតំបន់ចម្ការមីនដែលមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិចំនួនជាង៧០៧គីឡូម៉ែត្រក្រឡាស្មេីនឹងប្រមាណជិត៩០% នៃទំហំផ្ទៃដីនិងចំនួនចម្ការមីនដែលនៅសល់នោះត្រឹមចុងឆ្នាំ២០២៥។ ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ អង្គភាពសុីម៉ាក់មានផែនការសំរេចបោសសំអាតចម្ការមីនចំនួនជាង១៥០គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់បែកចង្កោមជាង៦០គីឡូម៉ែត្រក្រឡាផងដែរ។ ទន្ទឹងនឹងនេះ អង្គភាពសុីម៉ាក់បានទទួលការប្តេជ្ញាចិត្តពីរដ្ឋាភិបាលជប៉ុន ចិន UNDP និងសហរដ្ឋអាមេរិក ព្រមទាំងដៃគូដទៃទៀត បានគាំទ្រដល់ផែនការយុទ្ធសាស្ត្ររបស់អង្គភាពសុីម៉ាក់ពីពេលនេះ (២០២២) ដល់ចុងឆ្នាំ២០២៥។ ករណីដែលអង្គភាពសុីម៉ាក់អាចរំដោះផ្ទៃដីប្រមាណ៩០%បានសំរេចតាមផែនការដោយសហការជាមួយកងយោធខេមរភូមិន្ទ នោះប្រតិបត្តិករផ្សេងៗរួមមានអង្គការដោះមីនអន្តរជាតិអាចជួយសំរេចតែ១០%ជាមួយគ្នា អាចជួយរាជរដ្ឋាភិបាលសំរេចអណត្តិរបស់ខ្លួនស្របតាមអនុសញ្ញាអន្តរជាតិOttawa ខានតែបានត្រឹមចុងឆ្នាំ២០២៥។
លោកJuan Carlos Ruan បានស្តាប់លឺនិងឃេីញសមិទ្ធិផលជាក់ស្តែងសំរេចបានកន្លងមក លោកមានទំនុកចិត្តចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោដែលតែងតែចូលរួមយ៉ាងសកម្មបំផុតនិងលះបង់ខ្ពស់ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិOttawaនេះ។ ទន្ទឹងនឹងនេះលោកក៏មានក្តីត្រេកអរនិងអបអរសាទរទុកជាមុន ចំពោះការប្តេជ្ញាចិត្តសំរេចតាមផែនការជាយុទ្ធសាស្ត្រដូចខាងលេីនេះ៕
ដោយ៖ ស សម