សមត្ថកិច្ចជំនាញ​ បញ្ជូនខ្លួន​អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន៣នាក់ ទៅកាន់តុលាការដើម្បីបន្តនីតិវិធី

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២​នេះ​ បានបញ្ជូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន៣នាក់ ទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បីបន្តនីតិវិធី ក្រោយឃាត់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

បើ​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ទី១ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងទី៣ឈ្មោះ សៅ សម្បត្តិ ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។​ បច្ចុប្បន្ន​តំណាងអយ្យការ លោក សេង ហ៊ាង កំពុង​ធ្វើការសួរនាំដើម្បីចាត់ការបន្តទៀត។

អ្នកនាំពាក្យរូបនេះ​ បានបន្ថែមទៀតថា​ ការឃាត់ខ្លូនពួកគេទាំង៣នាក់នេះ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមស្វែងរកដើម្បីនាំខ្លួន អតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៤នាក់ទៀត។ ការខិតខំស្រាវជ្រាវដើម្បីចាប់ខ្លួននេះ ជាការអនុវត្តតាមដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលេីមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។

មនុស្ស៤នាក់ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន រួមមាន៖ ទី១៖ ខេង ចិន្តា (ស្រី), ទី២៖ អ៊ុក សុភ័ក្រម៉ូលីកា (ស្រី) , ទី៣៖ ម៉េង កាន់នីកា (ស្រី) និងទី៤៖ អេង ស្រីបូ (ស្រី)។

យោងតាមមាត្រា១១ នៃច្បាប់់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបញ្ជាក់អំពីបទរារាំងដល់ការអនុវត្តវិធានការ បានចែងថា៖ អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានចេញស្របតាមច្បាបនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ១០,០០០,០០០រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ ទៅ ២០,០០០,០០០រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print