ភ្នំពេញ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ក្រោយឃាត់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ទី១ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងទី៣ឈ្មោះ សៅ សម្បត្តិ ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ បច្ចុប្បន្នតំណាងអយ្យការ លោក សេង ហ៊ាង កំពុងធ្វើការសួរនាំដើម្បីចាត់ការបន្តទៀត។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ការឃាត់ខ្លូនពួកគេទាំង៣នាក់នេះ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមស្វែងរកដើម្បីនាំខ្លួន អតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៤នាក់ទៀត។ ការខិតខំស្រាវជ្រាវដើម្បីចាប់ខ្លួននេះ ជាការអនុវត្តតាមដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលេីមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។
មនុស្ស៤នាក់ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន រួមមាន៖ ទី១៖ ខេង ចិន្តា (ស្រី), ទី២៖ អ៊ុក សុភ័ក្រម៉ូលីកា (ស្រី) , ទី៣៖ ម៉េង កាន់នីកា (ស្រី) និងទី៤៖ អេង ស្រីបូ (ស្រី)។
យោងតាមមាត្រា១១ នៃច្បាប់់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបញ្ជាក់អំពីបទរារាំងដល់ការអនុវត្តវិធានការ បានចែងថា៖ អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានចេញស្របតាមច្បាបនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ១០,០០០,០០០រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ ទៅ ២០,០០០,០០០រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕
ដោយ៖សហការី