រដ្ឋមន្ត្រីក្រសួងវប្បធម៌៖​ កម្ពុជាកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងនៅសាលសន្និសីទចតុម្មុខ​ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖​ ក្រសួងកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ជាក់ស្ដែង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ «ប្រាសាទកោះកេរ» «នំបញ្ចុក» «ក្បាច់គុនល្បុក្កតោ» និង «ទីក្រុងបាត់ដំបង» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរីនិងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣, និងព្រះរាជពិធីបុណ្យអុំទូក»។

លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងបានជួសជុល និងអភិរក្សសំណង់បុរាណចំនួន ១០៩សំណង់, វត្ថុបុរាណ/វត្ថុសិល្បៈចំនួន ៨២៩៦ (ប្រាំបីពាន់ពីររយកៅសិបប្រាំមួយ) វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់, វត្ថុជាតិពន្ធុសាស្ត្រចំនួន ៥០៩មុខ, និងសាស្ត្រាស្លឹករឹត ចំនួន ៣១០៤៦ (បីម៉ឺនមួយពាន់សែសិបប្រាំមួយ)ខ្សែ។ ទន្ទឹមគ្នានេះ ក្រសួងបានរកឃើញនិងទទួលបានវត្ថុបុរាណ/វត្ថុសិល្បៈពីគ្រប់ប្រភពទាំងអស់ចំនួន ៣១៤៣៤ (បីម៉ឺនមួយពាន់បួនរយសាមសិបបួន)វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ បូករួមទាំងវត្ថុបុរាណចំនួនជាង១០០រូបបន្ថែមទៀត ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីបរទេស ក្រោយបញ្ចប់កិច្ចចរចាជាង៣ឆ្នាំ។

សូមជម្រាបថា​ ការស្នើសុំចុះ ព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាការងារមួយ ក្នុងចំណោមការងារជាច្រើន ដែលជាសមិទ្ធកម្មការងារជាងពាក់កណ្ដាលអាណត្តិ នៅក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា របស់ក្រសួងវប្បធម៌ នាពេលកន្លងមក។ នេះជាការងារអភិរក្សវប្បធម៌ ក្នុងទិសដៅដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ក្រសួងបានចុះបញ្ជីវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រសរុប ២៣៥៨៧ (ពីរម៉ឺនបីពាន់ប្រាំរយប៉ែតសិបប្រាំពីរ) វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក/គ្រាប់, និងបញ្ចូលទិន្នន័យវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រទៅក្នុងប្រព័ន្ធទិន្នន័យ Database សរុប ១២៣៧៥ (មួយម៉ឺនពីរពាន់បីរយចិតសិបប្រាំ) វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក។

បន្ថែមពីនេះ​ ក្រសួងវប្បធម៌​ ក៏បានយកចិត្តទុកដាក់ និងសហការជាមួយសហគមន៍ ក្នុងការបណ្តុះបណ្តាល និងរៀបចំការសម្តែងសិល្បៈ ដោយក្នុងនោះក្រសួងបានស្តារល្ខោនវត្តកៀនស្វាយក្រៅឱ្យរស់រានឡើងវិញ ព្រមទាំងបានពង្រឹងការថែរក្សាសិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗ នៅខេត្តចំនួន១១ រួមទាំងសហគមន៍របស់ជនជាតិដើមភាគតិចនៅខេត្តចំនួន៨។

មិនតែប៉ុណ្ណោះ​ក្រសួង​ បានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ផ្ទាំង និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ, ក្រាំងចម្រៀងសម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ, ក្បាច់ហួន ល្ខោនបាសាក់, និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ“នារីរបាំកម្ពុជាសម័យចតុមុខ និងសម័យអង្គរ” ជាភាសាខ្មែរ។ ក្រសួងក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈដែលទើបដំឡើងថ្មីដល់សាធារណជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print