ភ្នំពេញ ៖ ក្រោយពីបានស្តាប់នូវរបាយការណ៍សកម្មភាពរបស់ក្រុមប្រឹក្សា និងការប្តេជ្ញាចិត្តរបស់តំណាងគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តរួចមក លោក ហ៊ុន ម៉ានី ក្នុងនាមគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាបានយ៉ាងល្អប្រសើរដោយបានពង្រីករចនាសម្ព័ន្ធរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ។
លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាអង្គការមហាជនដ៏ធំមួយ ដែលប្រមូលផ្តុំយុវជន ដោយមិនប្រកាន់និន្នាការនយោបាយផ្សេងៗ ស.ស.យ.ក. ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពរបស់ខ្លួនដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយន្តការយុវជនគ្រឹះស្ថានឧត្តមសិក្សានេះ ជាយន្តការបំពេញបន្ថែមមួយដែលមិនអាចខ្វះបាន ព្រោះថាសមិទ្ធផល និងជោគជ័យគ្រប់ផ្នែក និងគ្រប់វិស័យសុទ្ធតែត្រូវការការរួមចំណែករបស់យុវជនយើង។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដែលមានបេសកកម្មជាប្រតិបត្តិករក្នុងការគៀរគរ កសាងកម្លាំង និងរៀបចំរចនាសម្ព័ន្ធយុវជនស្ម័គ្រចិត្តដែលជាសិស្សនិស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមសកម្មភាពនានាក្នុងបុព្វហេតុជាតិ មាតុភូមិជាមួយ ស.ស.យ.ក. ៕