ភ្នំពេញ ៖ ស្ត្រីម្នាក់មានជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យប្រាប់គាត់ឱ្យទៅសម្រាកព្យាបាលនៅផ្ទះ ប៉ុន្តែពេលប្តីផឹកស្រវឹងតែងតែប្រើហិង្សាវាយតប់រូបគាត់ជារៀងរាល់ថ្ងៃ ទើបគាត់សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាតែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
បើបើតាមស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច បានឲ្យដឹងថា គាត់មានអាយុ៤៣ឆ្នាំ សុំមិនប្រាប់ឈ្មោះ ហើយរូបគាត់ធ្វើការមើលថែក្មេងៗនៅអង្គការមួយ រូបគាត់បានចាប់ដៃគ្នាជាមួយប្តីពោះម៉ាយវ័យ៦៣ឆ្នាំម្នាក់ ដោយរស់នៅជាមួយគ្នាអស់រយៈពេល១ឆ្នាំមកហើយ។ ដំបូងៗការរស់នៅគឺចុះសម្រុងគ្នាណាស់ តែមួយរយៈចុងក្រោយនេះប្តីគាត់បែរជាកើតចិត្តរករឿងប្រច័ណ្ឌ ឲ្យតែពេលផឹកស្រវឹងម្តងៗ គឺតែងតែចោទរូបគាត់ថាលួចមានប្រុសឈ្មោល និងតែងតែវាយតប់រូបគាត់ស្ទើររៀងរាល់ថ្ងៃ ។
ស្រ្តីរូបនោះបន្តថា ប៉ុន្មានថ្ងៃមុននេះ គាត់មានអាការៈមិនស្រួលខ្លួនក៏ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះកេតុមាលា បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើយកសំណាកតេស្ត ហើយប្រាប់ថា រូបគាត់កើតជំងឺកូវីដ-១៩ និងបានធ្វើកិច្ចសន្យាឱ្យរូបគាត់ទៅសម្រាកព្យាបាលនៅផ្ទះ ។ពេលគាត់សម្រាកព្យាបាលនៅផ្ទះតាមការណែនាំរបស់ក្រុមគ្រូពេទ្យ បែរជាកន្លែងធ្វើការរបស់គាត់បានចោទប្រកាន់ថា គាត់កុហក យកលេសធ្វើជាឈឺ ព្រោះចង់នៅជិតប្តី ដើម្បីគេចពីការងារទៅវិញ ។
ចំណែកប្តីរបស់គាត់វិញ បែរជាប្រចណ្ឌ័រូបគាត់ហើយចោទថា យកលេសធ្វើជាឈឺនៅផ្ទះលួចទៅមានសហាយទៅវិញ ហើយពេលផឹកស្រវឹងម្តងៗ គឺតែងតែប្រើហិង្សាវាយតប់រូបគាត់ស្ទើររៀងរាល់ថ្ងៃ ។ ហើយនៅថ្ងៃកើតហេតុនោះ ប្តីគាត់បានវាយគាត់ និងយកខ្សែក្រវាត់មករឹតកគាត់ឡើងជាំតែម្តង ពេលនោះគាត់រើរួចក៏រត់ចេញពីផ្ទះទាំងគ្មានស្បែកជើងតាំងពីសង្កាត់បឹងកេងកង៣ រហូតមកដល់ស្ពានជ្រោយចង្វា ហើយក៏ប៉ងលោតទឹកសម្លាប់ខ្លួនតែម្តង ។
តាមប្រភពពីប្រជាពលរដ្ឋនៅលើស្ពានជ្រោយចង្វា បានប្រាប់ថា មុនកើតហេតុ គេបានឃើញស្ត្រីវ័យចំណាស់ខាងលើឈរយំលើស្ពានជ្រោយចង្វា ហើយប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ដោយឃើញដូច្នោះ ប្រជាពលរដ្ឋបំរុងរត់ចូលទៅជួយ តែត្រូវគាត់ស្រែកហាមឃាត់កុំឱ្យមកជិតគាត់ ព្រោះគាត់មានជំងឺកូវីដ១៩ ។
បន្ទាប់ពីកើតហេតុស្ត្រីរូបនេះបានប្រាប់ថា រូបគាត់ចង់ទៅសម្រាកព្យាបាលនៅកន្លែងព្យាបាលជំងឺកូវីដ១៩ ដើម្បីគេចពីប្តីដែលតែងតែប្រើហិង្សាមកលើគាត់ ។ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍តែគ្មានអ្នកណាខ្វាយខ្វល់ឡើយ ស្ត្រីរងគ្រោះរូបនេះក៏បានដើរចេញពីស្ពានបាត់ទៅ ដោយមិនដឹងថាទៅទីណានោះទេ?៕
ដោយ៖ ជ្រោយពេជ្រ