យន្តការគាំទ្រភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ក្រសួងបរិស្ថាន បានពង្រឹងយន្តការផ្តល់ជំនួយសម្ភារៈនិងបច្ចេកទេសក្នុងការគ្រប់គ្រង សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

នាឆ្នាំកន្លងទៅ ក្រសួងបរិស្ថានផ្តល់ជូនមធ្យោបាយ និងសម្ភារ ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពគោលដៅ រួមមាន៖
១-ឡដុតសំរាមសំណល់រឹង ចំនួន៥៤គ្រឿង បានផ្តល់ទៅរាជធានី-ខេត្តចំនួន២០ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៥៣)
២-រថយន្ត ចំនួន២៣គ្រឿងបានផ្តល់ទៅរាជធានី ខេត្ត ចំនួន ១០ (ក្រុង ស្រុក និងអង្គភាពបានទទួលចំនួន១៨)
៣-ធុងសំរាមធំ (Dumpsters) ចំណុះ៥តោន ទៅ ១១តោន ចំនួន ៦៨ធុង បានផ្តល់ទៅខេត្ត ចំនួន ៨ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៩)
៤-ម៉ូតូកង់បី ចំនួន ១១៨ គ្រឿង បានផ្តល់រួចទៅរាជធានី ខេត្ត ចំនួន ២៥ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៨៤)
៥-ធុងចម្រោះទឹកស្អាត ចំនួន ២០ធុង បានផ្តល់រួច ទៅរាជធានី-ខេត្ត ចំនួន៥ និងចំនួន ៨៩ធុង បានបំពាក់រួច នៅតាមសាលារៀន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់សុខភាពសិក្សា។
៦- ធុងដាក់សំរាម សំណល់រឹង (ញែកសំរាម) ចំនួន ៥០០ឈុត បានផ្តល់រួចជូនក្រុមការងារផ្តើមពីយើង ដាក់នៅតាមសួនច្បារសាធារណ បូរីប៉េងហួត និងសាលារៀន
៧- កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយចីរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត ចំនួន ៥០ធុង និងធុងសំរាម ចំនួន៣០០ធុង)
៨- គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង បានផ្តល់ជូនទៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០២១នេះដែរ ក្រសួងបរិស្ថានបានផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើបច្ចេកទេសក្នុងការគ្រប់គ្រងសំរាមសំណល់រឹង និងគម្រោងរៀបចំទីលានចាក់សំរាមតាមខ្នាតបច្ចេកទេសផងដែរ។

ក្រោយមានកិច្ចអន្តរាគមន៍ពីក្រសួងបរិស្ថានកន្លងមក យើងសង្កេតឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន បាននិងកំពុងអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានល្អប្រសើរ និងមួយចំនួនទៀតកំពុងឈានឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខ។

សូមបញ្ជាក់ថាយន្តការផ្តល់ការគាំទ្រសម្ភារៈនិងបច្ចេកទេសក្នុងការគ្រប់គ្រង សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន នៅថ្នាក់ក្រោមជាតិ បានគាំទ្រ និងជំរុញដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ឈានទៅធ្វើភាពជាម្ចាស់នៃការគ្រប់គ្រងសំរាមសំណល់ទីប្រជុំជន និងលើកកម្ពស់កិច្ចគាំពារបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប្រកបដោយនិរន្តរភាព។ ចំណុចសំខាន់មួយទៀតនោះ យន្តការនេះបានក្លាយជាយុទ្ធសាស្រ្តសំខាន់គាំទ្រដល់ចលនាប្រឡងប្រណាំងគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព » ដែលបានប្រកាសឲ្យអនុវត្តន៍នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឲ្យមានប្រសិទ្ធភាព។

លក្ខណសម្បត្តិទី ៦ ក្នុងចំណោមលក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព » បានលើកឡើងថា មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ដោយឈរលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង »។ កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print