គ្រោះថ្នាក់ចរាចរណ៍សង្ស័យរថយន្តប៉ះនឹងម៉ូតូបណ្ដាលឲ្យបុរសស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១០​ ខែកុម្ភះ ឆ្នាំ២០២២ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសង្ស័យរថយន្តប៉ះជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់នៅវេលាម៉ោង១៧និង២៥នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ត្រង់ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ.ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ ង្វៀង យាំងតាន់ ភេទប្រុស អាយុ៨៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) បើកម៉ូតូ ម៉ាកHONDA.DREAM. ពណ៍ក្រហម ពាក់ផ្លាកលេខកណ្តាល1X-2534។ ចំណែកភាគីខាងរថយន្តម៉ាក HYUNDAI ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ3E-3317 បើកបរដោយឈ្មោះ អឿន ពុទ្ធា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្តថា.នៅមុនពេលកើតហេតុគេបានឃើញរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ3E-3317ខាងលើបើកបរតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងទិសដៅ ពីភ្នំពេញទៅអ្នកលឿង លុះមកដល់ចំនុចកើតហេតុ​ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHONDA.DREAM. ពណ៍ក្រហម ពាក់ផ្លាកលេខកណ្តាល1X-2534 បើកបរដោយបុរសជនជាតិវៀតណាម​ បើកឡើងពីផ្លូវ១១៦A ឡើងលើផ្លូវជាតិលេខ1 រួចក៏បានដួលធ្វើអោយអ្នកបើកបរម៉ូតូបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ.ភ្លាមនោះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ សង្ស័យថារថយន្តបានប៉ះម៉ូតូរបស់ជនរងគ្រោះក៏ឃាត់រថយន្តនិងអ្នកបើកបរប្រគល់អោយសមត្ថកិច្ច ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជំនាញចរាចរណ៏ អ្នកបើកបររថយន្តបានបំភ្លឺថា.រថយន្តរបស់ខ្លួនបើកមកធម្មតា មិនបានប៉ះលើម៉ូតូរបស់ជនរងគ្រោះឡើយ។ដោយយោងតាមការពិនិត្យស្លាកស្នាមលើសពជនរងគ្រោះឃើញថា មិនមានស្នាមប៉ះជាមួយរថយន្តឡើយ ជនរងគ្រោះដួលបោកផ្កាប់មុខទៅលើថ្នល់ជាតិ មិនមានស្នាម រឺប៉ះដោយសារវត្ថុរឹង រឺបន្សល់ស្លាកស្មាមពីរថយន្តខាងលើឡើយ។
បច្ចុប្បន្ន រថយន្តនិងអ្នកបើកបរខាងលើ និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការពិនិត្យបន្តទៀត ។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print