កាលពីយប់ថ្ងៃទី១១ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា បណ្តាប្រទេសលោកខាងលិច ដោយមានការគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោក បានផ្សាយព័ត៌មានមិនពិត ដោយចោទទីក្រុងមូស្គូថាបានឡើងគម្រោងឈ្លានពានអ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា បណ្តាប្រទេសលោកខាងលិចកំពុងព្យាយាមបង្វែងការចាប់អារម្មណ៍ពីសកម្មភាពបង្កឱ្យមានភាពចលាចល់របស់ខ្លួនដល់ ប្រទេសអ៊ុយក្រែន និងស្ថានភាពសន្តិសុខលើពិភពលោក។ អាមេរិកបានចោទរុស្ស៊ីថាបានប្រមូលផ្តុំកម្លាំងទាហានគ្រប់គ្រាន់ដើម្បីវាយប្រហារឈ្លានពានអ៊ុយក្រែន។ តែរុស្ស៊ីធ្លាប់បានលើកឡើងជាច្រើនលើកមកហើយថា ទាហានរុស្ស៊ីគឺដើម្បីការពារតែប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបានធ្វើការព្រមានជាថ្មីថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពក្នុងចំនួនគ្រប់គ្រាន់ ដែលអាចបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនទាំងអស់ចាកចេញពីទឹកដីអ៊ុយក្រែននៅក្នុងរយៈពេល ៤៨ម៉ោងផងដែរ។ ទីប្រឹក្សាសន្តិសុខជាតិប្រចាំនៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន លោក Jake Sullivan បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃសុក្រសប្តាហ៍នេះថា «ការវាយប្រហារមួយដោយរុស្ស៊ី នឹងអាចចាប់ផ្តើមនៅថ្ងៃណាមួយ ហើយវានឹងចាប់ផ្តើមដោយ ការវាយប្រហារតាមផ្លូវអាកាស ខណៈដែលការវាយសម្រុកយ៉ាងលឿនសំដៅទៅរករដ្ឋធានីកៀវ ក៏អាចនឹងទៅរួចផងដែរ»។ បើតាមលោក Jake Sullivan, គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរបស់លោកត្រៀមបើកការវាយប្រហារទៅលើអ៊ុយក្រែនហើយឬនៅនោះទេ។ យ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងហៅទូរស័ព្ទដោយផ្ទាល់ទៅកាន់លោកពូទីន ក្នុងពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាគ្នាអំពីវិបត្តិនេះ៕ ដោយសាធី
រូបថត៖Lragir