ភ្នំពេញ៖ លោកស្រី ទិត ដាលីន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ហេង ផេង ជាតំណាងអយ្យការ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២២ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រែ.ញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញដាក់ពន្ធនាគារចំនួន១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ករណីបាញ់សម្លាប់អ្នកគួកជេដីនៅខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគួកជេដី រថយន្ត-ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ។ មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។
គួររំលឹកថា ករណីឃាតកម្មបាញ់ជនរងគ្រោះបណ្ដាលឱ្យស្លាប់នេះគឺបាន កើតហេតុកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីឃាតកម្មនេះកើតចេញពីការចងការប្រាក់១០.០០០ដុល្លារ ការ៣០០០ដុល្លារ រហូតដល់មានជម្លោះគ្នាទៅវិញទៅមក។ បើយោងតាមចម្លើយជនត្រូវចោទបានឆ្លើយ គឺជនរងគ្រោះធ្លាប់ គំរាមសម្លាប់ប្រពន្ធកូនខ្លួនចោលបើមិនព្រមសង់លុយទេ ។សមត្ថកិច្ចបានដកហូតវត្ថុតាង៖ អាវុធខ្លីម៉ាក CF98 មានគ្រាប់ចំនួន៩គ្រាប់៕
ដោយ រ៉ារ៉ា