ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការពង្រឹងការអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈៀសវៃបត់ប៉ែនទន់ភ្លន់ទៅតាមសភាពការណ៍នៃការចម្លងជំងឺ កូវីដ-១៩ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងជំងឺកូវីដ- ១៩ និងការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅ ប្រកបដោយលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាតឱ្យប្រទេសកម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញជាមួយនឹងការរៀន រស់នៅជាមួយវីរុសកូវីដ-១៩ ទៅតាមបរិបទនៃ “ការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី” ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១។ ផ្អែកលើស្ថានភាពវិវត្តន៍នៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទអូមីក្រុង នៅតាមបណ្តាប្រទេសនៅលើពិភព លោក ព្រះរាជាណាចក្រកម្ពុជា ក៏មានការរកឃើញជាបន្តបន្ទាប់នូវអ្នកវិជ្ជមានវីរុសអូមីក្រុង ដែលរហូតមកដល់ពេលបច្ចុប្បន្ន មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅលើសាកលលោក វីរុសអូមីក្រុងនេះ បានគ្របដណ្តប់លើវីរុសអាល់ហ្វា និងដែលតាស្ទើរតែ ទាំងអស់ទៅហើយៗការចម្លងនៃវីរុសអូមីក្រុង ក៏មានសភាពលឿនជាងប្រភេទដែលតា ដែលនឹងអាចបង្កឱ្យមានបញ្ហាសុខ ភាពសាធារណៈធ្ងន់ធ្ងរប្រសិនបើមិនបានបង្កើនការការពារខ្លួនគ្រប់គ្នាទេនោះ ហើយការចម្លងនឹងអាចទៅហួសបន្ទាត់ក្រហម ដែលអាចនឹងមានការស្លាប់បាត់បង់ជីវិតបាន បើទោះបីជាអ្នកឆ្លងអូមីក្រុងនេះ មានសភាពដូចជាស្រាលជាងដែលតាបន្តិចក៏ ដោយតែការស្លាប់បាត់បង់ជីវិតដោយសារអូមីក្រុងនេះ បានកើតមាននៅតាមបណ្តាប្រទេសនានានៅលើសាកលលោករួចទៅ ហើយដែរ។ ដោយសារការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកឆ្លងអូមីក្រុងនៅក្នុងប្រទេសកម្ពុជា ហើយវីរុសអូមីក្រុងនេះ ក៏ កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍យើងផងដែរនោះ ក្រសួងសុខាភិបាលសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ មួយចំនួនបានធ្វើតេស្ដរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និងបានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះ ប្រសិនបើ ស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរទេនោះ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានការអនុវត្តស្រប តាមនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងការណែនាំរបស់ក្រសួង សុខាភិបាលចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដែលនីតិវិធីនេះ តម្រូវឱ្យមានវិធានការសុខាភិបាលចាំបាច់ និងលក្ខខណ្ឌមួយ ចំនួនដែលត្រូវគោរពប្រតិបត្តិជាប្រចាំ មានដូចជា៖

អ្នកវិជ្ជមានវីរុសកូវីដ-១៩ តម្រូវឱ្យស្នាក់នៅដាច់ដោយឡែកនៅទីតាំងដែលមានអនាម័យ និងមានចរន្តខ្យល់ចេញ-ចូលល្អ ដោយបើកបង្អួចបន្ទប់ឱ្យទូលាយ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននៅតំបន់ដែលបងប្អូនស្នាក់នៅជាចាំបាច់។ ត្រូវរក្សាអនាម័យស្អាតផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្តន៍វិធានការ ៣ការពារ (ពាក់ម៉ាស់លាងដៃញឹកញាប់ រក្សា គម្លាតសុវត្ថិភាពបុគ្គលឱ្យបានលើសពី ១ម៉ែត្រកន្លះ) និងកុំប៉ះពាល់ ឬប្រើប្រាស់របស់របរ ឬបន្ទប់ទឹកឡូកឡំជាមួយ សមាជិកគ្រួសារឱ្យសោះដោយត្រូវប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួនដាច់ដោយឡែកជាចាំបាច់ និងមិនត្រូវចេញដើរទៅក្រៅ រហេតរហូត ទោះជាក្នុងរយៈពេលខ្លីក៏ដោយ ដើម្បីចៀសវាងការចម្លងបន្តនូវវីរុសកូវីដ-១៩ អូមីក្រុង ទៅសមាជិក គ្រួសារ និងទៅអ្នកដទៃ។ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឱ្យបានហ្មត់ចត់ បើទោះបីជានៅក្នុងអំឡុងពេល ព្យាបាល ឬក៏ព្យាបាលជាសះស្បើយហើយក៏ដោយ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា។
ត្រូវប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម (Molrupiravir Capsules200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤គ្រាប់ (កម្រិត២០០មីលីក្រាម ក្នុងមួយគ្រាប់) លេបរៀងរាល់១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ ជាប់គ្នាជាបន្តបន្ទាប់។ គួរ ប្រើឱសថម៉ូលនូពីរ៉ាវា (Molnupiravir) នេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទី ហ្សែនកូវីដ-១៩ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ និងលើស្ត្រីបំបៅដោះកូន ព្រមទាំង ហាមប្រើសម្រាប់មនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ។ ត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់ពី ២-៣លីត្រ ក្នុង១ថ្ងៃ។

បងប្អូនប្រជាពលរដ្ឋអាចរកទិញឱសថម៉ូលនូពីរ៉ាវា (Molnupiravir) ឬម៉ូលណាទ្រឹស (ជាប្រភេទកាប់ស៊ុល ២០០ មីលីក្រាម) នៅតាមឱសថស្ថាន ឬឱសថស្ថានរង់ស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នើបញ្ហាទិញដោយផ្ទាល់ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬសាខាប្រៃសណីយ៍កម្ពុជានៅតាមបណ្តាខេត្ត។

អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណីទទួលបានលទ្ធផលតេស្ត រហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្តរហ័សវិជ្ជមាន ត្រូវធ្វើតេស្ត

រហ័សម្តងទៀតក្នុងគម្លាត៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំង ពេញលេញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ក្រោយពីបញ្ចប់ការព្យាបាលនៅផ្ទះ។

កាកសំណល់របស់អ្នកជំងឺ ត្រូវរក្សាទុកដោយខ្ចប់ឱ្យជិតនិងដាក់ដោយឡែក រួចអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ មូលដ្ឋាន ឬក្រុមគ្រូពេទ្យ នៅតាមតំបន់ដែលបងប្អូនរស់នៅជាចាំបាច់ ចៀសវាងការចម្លងរោគ។ សូមពិនិត្យមើលការណែនាំចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បន្ថែមទៀត ដើម្បីឱ្យការអនុវត្តការព្យាបាលនៅតាមផ្ទះ មាន ភាពសមស្របប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ។ ប្រសិនបើមិនអនុវត្តន៍ទៅតាមការ ណែនាំក្រើនរំលឹកនេះបានត្រឹមត្រូវ បងប្អូន អាចប្រឈមទៅនឹងការអនុវត្តវិធានការច្បាប់នានាដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវធ្វើការតាមដានការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នេះ ឱ្យបានហ្មត់ចត់ និងចាត់វិធានការសមស្របតាមច្បាប់។ សម្រាប់ការផ្តល់មតិត្រឡប់មកវិញអំពីការផ្តល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ ឬ ០៧៧ ៨៦៧ ៩៥៧ ឬ ០៩៦ ៤៦៦ ៤៦៤៦ រៀងរាល់ម៉ោងធ្វើការ។

ទទួលបានសេចក្ដីណែនាំនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យការ ព្យាបាលនៅតាមផ្ទះបានត្រឹមត្រូវ និងបញ្ចប់ដោយសុវត្ថិភាព ព្រមទាំងចៀសវាងនូវការចម្លងវីរុសកូវីដ-១៩ ទៅសមាជិក គ្រួសារ និងទៅអ្នកដទៃនៅក្នុងសហគមន៍៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print