ភ្នំពេញ ៖ ត្រូវបណ្តុះស្មារតី “ស្នេហាជាតិ មោទកភាព និងក្តីសង្ឃឹមខ្ពស់ចំពោះអនាគតរួមគ្នា” ក្នុងនាមប្រជាជាតិមួយ។ នេះជាការថ្លែងរបស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, សំណង់ប្រវត្តិសាស្រ្ត និងទីតាំងទាំងឡាយដែលជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា មិនគ្រាន់តែជាសំណង់ ឬហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រាន់តែឱ្យទស្សនាដោយភ្នែកទទេប៉ុណ្ណោះនោះទេ តែក៏បានបង្កប់នូវពេលវេលាដែលត្រូវចងចាំក្នុងអតីតកាល និងជោគជ័យដែលយើងសម្រេចបានក្នុងនាមជាប្រជាជាតិ ក៏ដូចជាស្នាដៃដែលម្នាក់ៗសម្រេចបានរួមគ្នា។
លោកថា, គ្មានសង្គមជាតិណាមួយដែលល្អឥតខ្ចោះនោះឡើយ រាប់ទាំងសង្គមជាតិរបស់យើងផងដែរ។ ក៏ប៉ុន្តែ យើងត្រូវចេះឱ្យតម្លៃឱ្យបានស៊ីជម្រៅ មានមោទកភាព នូវអ្វីដែលយើងបានឆ្លងកាត់ និងឆ្លងផុតកន្លងមក ទន្ទឹមនឹងការស្វែងយល់ និងត្រៀមខ្លួនសម្រាប់អ្វីដែលយើងត្រូវបន្តដំណើរទៅមុខទៀត។ រីករាយចុងសប្តាហ៍ទាំងអស់គ្នា!៕