ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា៖ មន្ត្រីសាខា ក.ប.ប. ប្រចាំនៅខេត្តឧត្តរមានជ័យ ,កោះកុង ,កំពត ,តាកែវ ,ស្ទឹងត្រែង និងខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុវត្តនូវតួនាទីស្នូលរបស់ខ្លួនក្នុងការពារសុខភាពប្រជាពលរដ្ឋ។
ជាក់ស្ដែងមន្រ្តីជំនាញ ដោយធ្វើការត្រួតពិនិត្យតាមបណ្តាទីផ្សារនានា ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ, ស្រុកមណ្ឌលសីមា, ស្រុកកំពង់ត្រាច, ស្រុកត្រាំកក់, ក្រុងស្ទឹងត្រែង និងក្រុងព្រះសីហនុ បានត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញហូបចុក ប្រហិតចម្រុះ គ្រឿងកំប៉ុង ឡេកំប៉ុង និងភេសជ្ជៈចម្រុះ ដែលជាលទ្ធផលបានរកឃើញ និងដកហូត នូវទំនិញខូចគុណភាពសរុបចំនួន ២៣៣.៧គីឡូក្រាមពីផ្សារ យកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោលនាពេលសមស្រប។
ដោយឡែកអាជីវករដែលមានកំហុសឆ្គង ត្រូវបានមន្ត្រីជំនាញណែនាំ និងពិន័យអន្តរការណ៍តាមនីតិវិធី។
ជាមួយគ្នានេះ មន្ត្រី ក.ប.ប. ប្រចាំនៅខេត្តឧត្តរមានជ័យ, ខេត្តស្វាយរៀង និងខេត្តតាកែវ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកុម្ភៈនេះដែរ បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈសរុបចំនួន ១៩ទីតាំង ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទនិងក្រុងសំរោង ស្រុកស្វាយជ្រំ ស្រុកត្រាំកក់ ដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៦ ប្រកបអាជីវកម្មមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍ និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវចំពោះមន្ត្រីមានសមត្ថកិច្ច៕
ដោយ៖សហការី