ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៣ខែ ឧសភា កម្តៅបន្តកើនឡើងដល់៤២អង្សា

ចែករំលែក៖

ភ្នំពេញ៖ សីតុណ្ហភាពនៅប្រទេសកម្ពុជានៅសប្ដាហ៍ក្រោយកម្ដៅនឹងកើនឡើងដល់៤២អង្សានៅតំបន់ខ្ពង់រាបខណៈតំបន់ទំនាបកណ្ដាលនឹងមានសីតុណ្ហភាពក្នុងរង្វង់៤១អង្សា។ បន្ថែមពីលើអាកាសធាតុក្ដៅក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នបន្ថែមទៀតចំពោះបាតុភូតភ្លៀងកក់ខែដែលនឹងនាំមកនូវផ្គររន្ទះ និងខ្យល់កន្ត្រាក់ដ៏គ្រោះថ្នាក់។

រហូតទាល់តែដល់ពាក់កណ្ដាលសប្ដាហ៍ទី៤ខែមេសាឬចាប់ពីថ្ងៃទី២៨ខែមេសារហូតដល់ថ្ងៃទី៣ខែឧសភាទើបកម្ពុជាមានភ្លៀងធ្លាក់ច្រើននិងរាយប៉ាយទូទាំងប្រទេសប៉ុន្តែនៅតែមានបរិមាណតិចតួច។

សីតុណ្ហភាពដែលនឹងបន្តកើនឡើងគឺជាបញ្ហាគួរឲ្យព្រួយបារម្ភមួយទៀតប៉ុន្តែបញ្ហាភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះជារឿងមួយទៀត។ តាមការព្យាករណ៍ចាប់ពីពេលនេះតទៅសីតុណ្ហភាពនៅតំបន់ខ្ពង់រាបនឹងបន្តកើនឡើង១អង្សារទៀតគឺកម្តៅនឹងឡើងដល់៤២អង្សាខណៈតំបន់ទំនាបកណ្ដាលនឹងមានសីតុណ្ហភាពក្នុងរង្វង់៤១អង្សា។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានអះអាងថាមានតែតំបន់មាត់សមុទ្រប៉ុណ្ណោះដែលមានសីតុណ្ហភាពទាបជាងគេ។

រស់នៅក្នុងបរិយាកាសដ៏ក្ដៅបែបនេះសត្វមួយចំនួនអាចប្រឈមមុខនឹងគ្រោះថ្នាក់រហូតដល់ងាប់។ ប៉ុន្តែសម្រាប់មនុស្សមិនអាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតទេប្រសិនបើរស់នៅដោយប្រុងប្រយ័ត្នស្របតាមការណែនាំពីក្រសួងសុខាភិបាល។

មន្រ្តីក្រសួងសុខាភិបាលនិយាយថា ដើម្បីការពារសុខភាពពេលអាកាសធាតុក្ដៅខ្លាំងប្រជាពលរដ្ឋត្រូវតែងូតទឹកត្រជាក់និងជ្រកក្រោមម្លប់ឲ្យបានច្រើនចៀសវាងនៅក្រោមកម្តៅថ្ងៃផ្ទាល់។ ត្រូវស្លៀកសម្លៀកបំពាក់ស្ដើងស្រាលនិងមានពណ៌ភ្លឺនិងត្រូវទទួលទានទឹកឲ្យបានច្រើនជាងពេលធម្មតាដើម្បីរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់។

ក្រសួងធនធានទឹក និងឧតុនិយមក៏បានប្រាប់ឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នបន្ថែមទៀតចំពោះបាតុភូតភ្លៀងកក់ខែដែលនឹងនាំមកនូវផ្គររន្ទះនិងខ្យល់កន្ត្រាក់ដ៏គ្រោះថ្នាក់៕

ដោយ៖ ហេង សូរិយា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print