ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម នៅតែមានសេសសល់នៅឡើយ ទោះបីកន្លងមករាជរដ្ឋាភិបាលកុម្ពុជាជាពិសេសអង្គការកម្ចាត់មីននិងគ្រាប់រំសេវនានាខិតខំរំដោះយកចេញពីដីជាច្រើនតោនមកហើយក៏ដោយ ។
ជាក់ស្តែងនៅរសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ CMAC បានចុះយក គ្រាប់ចាស់ៗមិនទាន់ផ្ទុះ ចំនួន១គ្រាប់ជាប្រភេទគ្រាប់កាំភ្លើងផ្លោងទំហំ៦០មិល្លិម៉ែត្រ នៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាគ្រាប់បន្សល់ទុកពីសម័យសង្គ្រាម បន្ទាប់ពីប្រជាពលរដ្ឋក្នុងភូមិរាយការណ៍ឲ្យដឹង។
មន្ត្រីស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់កាំភ្លើងផ្លោងមួយគ្រាប់នេះនៅមានគុណភាពនៅឡើយដូច្នេះអង្គការស៊ីម៉ាក់ត្រូវតែកម្ទេចចោលជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងភូមិ។ ជាមួយនេះអង្គភាពស៊ីម៉ាក់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ឲ្យសោះ សូមប្រញាប់រាយការណ៍ទៅរដ្ឋអំណាចមូលដ្ឋាន ដើម្បីរាយការណ៍បន្តទៅអង្គភាពកម្ចាត់មីននានាមកកម្ទេចចោលតាមលក្ខណៈបច្ចេកទេស៕