ស្ថានទូតកម្ពុជាប្រចាំជប៉ុន : ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យ ព្រមទាំងមោទនភាពជាតិ

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន  អបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅប្រទេសជប៉ុន ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យ ព្រមទាំងមោទនភាពជាតិ។

នៅក្នុងដំណើរទស្សនកិច្ចនេះ  លោកឧត្តមសេនីយ៍ឯកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់ជប៉ុន ដូចខាងក្រោម៖

១. លោក KISHIDA Fumio នាយករដ្ឋមន្ត្រី

២. លោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេស

៣. លោក KHISHI Nobuo រដ្ឋមន្រ្តីការពារជាតិ 

៤. លោក MIYAKE Shingo សមាជិកព្រឹទ្ធសភា និងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស

៥. នាយឧត្តមសេនីយ៍ YAMAZAKI Koji អគ្គមេបញ្ជាការកងស្វ័យការពារ

៦. នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោក

និងថ្នាក់ដឹកនាំមួយចំនួនទៀត។

នៅក្នុងជំនួបខាងលើ ភាគីទាំងពីរបានផ្តោតសំខាន់លើ៖

១. ការបន្តពង្រឹងទំនាក់ទំនងរវាងយោធា និងយោធានៃប្រទេសទាំងពីរ 

២. ការអប់អរសាទរខួបលើកទី៣០ នៃប្រតិបត្តិការថែរក្សា សន្តិភាពរបស់កងស្វ័យការពារជប៉ុននៅកម្ពុជា

៣. ការបន្តពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគីរវាងប្រទេសទាំងពីរ 

៤.  តួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំនេះ 

៥. សារៈសំខាន់នៃការប្រារព្ធខួបលើកទី៧០ឆ្នាំ នៃចំណងការទូតផ្លូវការកម្ពុជា-ជប៉ុន និងខួបលើកទី៥០ នៃកិច្ចសហប្រតិបត្តិការមិត្តភាពអាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣។

ខណៈនោះដែរ លោកឧត្តមសេនីយ៍ឯកបានអញ្ជើញទស្សនា ការបង្ហាញការលោតឆត្រដោយអង្គភាព កងពលតូចឆត្រយោងទី១ នៅបន្ទាយ NARASHINO និងការហ្វឹកហាត់បើករថក្រោះរបស់និស្សិតយោធា នៅបន្ទាយហ្វឹកហ្វឺន Fuji។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបានបង្ហាញឱ្យឃើញ ពីការផ្តល់តម្លៃខ្ពស់ពីសំណាក់ប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀតផងដែរ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print