ខេត្តឧត្តរមានជ័យ៖ កម្លាំងការពារព្រៃឈើសហគមន៍ដើរល្បាតប្រទះឃើញ សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ ខណៈជាប់អន្ទាក់ព្រានដាច់រត់អស់ជាច្រើនថ្ងៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន។
ហេតុការណ៍ខាងលេីនេះ បានបង្កការភ្ញាក់ផ្អើលឡេីងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតភូមិសាស្ត្រព្រៃសន្លុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ។
ដោយឡែកជុំវិញករណីនេះដែរ ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យលោក សា ថ្លៃ បានឱ្យដឹងថា សត្វទន្សោងឈ្មោលមួយក្បាល ដែលបានងាប់បន្ទាប់ពីជាប់អន្ទាក់របស់ព្រាន ជើងក្រោយ ផ្នែកខាងស្តាំ បានដាច់ចេញពីអន្ទាក់រត់អស់ជាច្រើនថ្ងៃ។ មិនតែប៉ុណ្ណោះព្រានបាននាំសត្វឆ្កែតាមរក និងដេញខាំឱ្យរងរបួស រួមនឹងព្រានវ៉ៃថែមផង ទេីបធ្វើឱ្យវារងរបួសធ្ងន់រហូតទល់តែងាប់។
បច្ចុប្បន្នសត្វទន្សោងខាងលើនេះ ត្រូវបានដឹកយកទៅទីស្នាក់ការកណ្តាលសហគមន៍សង្ឃរុក្ខាវ័ន ដើម្បីធ្វើពិធីបង្សុកូល និងកប់នៅទីនោះ៕ដោយ៖សហការី