តាមគម្រោងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងជួបជាមួយសមភាគីអាមេរិក លោក Antony Blinken ដោយផ្ទាល់ ដែលអាចរៀបចំឡើងនៅក្នុងប្រទេសហ្វាំងឡង់ឬស្វិស។ នៅពេលនេះមិនទាន់កំណត់ថានឹងជួបពិភាក្សាគ្នានៅប្រទេសណានោះឡើយ។ លេខាសេតវិមាន លោកស្រី Jen Psaki បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ីនឹងជួបពិភាក្សាគ្នានៅថ្ងៃទី២៤ខែកុម្ភៈ។ លោកស្រីបញ្ជាក់ថា ប្រសិនបើរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែនមុនថ្ងៃទី២៤ខែកុម្ភៈ នឹងមិនមានជំនួបពិភាក្សានោះឡើយ។ នៅពេលនេះភាគីទាំងពីរកំពុងតែពិភាក្សាគ្នាជ្រើសយកទីតាំងនៅក្នុងប្រទេសស្វិស ឬ ក៏ហ្វាំងឡង់ សម្រាប់កិច្ចពិភាក្សាដ៏សំខាន់នោះ។ ភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែនគឺជារបៀបវារៈនៃជំនួបពិភាក្សារវាងមន្ត្រីការបរទេសអាមេរិក-រុស្ស៊ី។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតរដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុបនឹងជួបពិភាក្សាគ្នានៅថ្ងៃទី២១ខែកុម្ភៈ ក្នុងទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ហើយនៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba នឹងចូលរួមផងដែរ ។ នៅពេលនេះដែរស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹង ក្រោយពេលក្រុមទាមទារផ្តាច់ខ្លួន នៅភាគខាងកើតបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថាបានបើកការវាយប្រហារបណ្តាលឱ្យមានពលរដ្ឋជាច្រើនស្លាប់និងរងរបួស៕ ដោយសាធី
រូបថត៖Sputnik