កន្លងមកអង្គការសុខភាពពិភពលោកបានប្រកាសថា កូវីដ-១៩ អាចនឹងបិទបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ ក្រោយពេលប្រទេសជាច្រើនបានឆ្លងផុតចំណុចកំពូលនៃការឆ្លង ពិសេសគឺនៅតំបន់អឺរ៉ុបនិងអាមេរិក។ ប្រទេសជាច្រើនក៏បានសម្រេចលុបចោលការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ហើយប្រទេសខ្លះទៀតក៏បានបើកទ្វារទាំងស្រុង។ ដើម្បីសម្រេចបានគោលដៅបញ្ចប់ការឆ្លងកូវីដ-១៩ ហើយចាត់ទុកថាជាជំងឺធម្មតាដូចជាផ្តាសាយនោះ គឺពលរដ្ឋនៅលើពិភពលោកត្រូវតែសម្រេចបានការចាក់វ៉ាកសាំងយ៉ាងតិច៧០%នៃពលរដ្ឋសរុប។ នៅពេលនេះប្រមុខ WHO ជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញវត្ថុដើម្បីបិទបញ្ចប់កូវីដ-១៩។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃសុក្រសប្តាហ៍នេះបានជំរុញឱ្យពិភពលោកទាំងមូលបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញវត្ថុដើម្បីឈានទៅបិទបញ្ចប់ជំងឺរាតត្បាតសកល COVID-19។ លោក Ghebreyesus បានលើកឡើងយ៉ាងដូច្នេះថា «វាជាប្រការគ្រោះថ្នាក់» នៅក្នុងការគិតថា ជំងឺរាតត្បាតសកល (COVID-19) នឹងត្រូវបិទបញ្ចប់តាមរយៈកម្រិតនៃការចាក់វ៉ាក់សាំងបង្ការបានក្នុងកម្រិតខ្ពស់របស់ប្រទេសមួយចំនួន ហើយលោកក៏បានច្រានចោលការអះអាងកន្លងមកនេះដែលថា វីរុសបំប្លែងថ្មី Omicron ជាវីរុសមិនសូវធ្ងន់ធ្ងរនោះផងដែរ។ ការថ្លែងរបស់ប្រមុខ WHO ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមក្នុងសន្និសីទស្តីពីសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយស្ថិតក្នុងប្រធានបទ «ស្វែងរកផ្លូវមួយដើម្បីចាកចេញពីជំងឺរាតត្បាតសកល»។ លោកបានសង្កត់ធ្ងន់ទៀតថា «យើងអាចបិទបញ្ចប់ភាពអាសន្នបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 នៅក្នុងឆ្នាំនេះ។ យើងមានឧបករណ៍រួចហើយ។ យើងដឹងពីរបៀបធ្វើវាហើយ…»។ អគ្គនាយក WHO បានជំរុញឱ្យប្រទេសនានាបំពេញជាបន្ទាន់ ចំពោះចន្លោះប្រហោងផ្នែកហិរញ្ញវត្ថុប្រមាណ «១៦ពាន់លានដុល្លារអាមេរិក» សម្រាប់ទ្រទ្រង់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺ COVID-19 ហៅកាត់ថា «ACT» ដែលមានដូចជាការផលិតវ៉ាក់សាំង, ការធ្វើតេស្ត, ការព្យាបាល និងការផលិតឧបករណ៍ការពារសម្រាប់ផ្គត់ផ្គង់នៅទូទាំងពិភពលោក៕ ដោយសាធី
រូបថត៖TTXVN-VNA.