ភ្នំពេញ : ថ្ងៃប្រកួតចុងក្រោយនៃវគ្គជម្រុះក្នុងពូល A ដែលជាការប្រកួតដ៏សំខាន់បំផុតចំពោះក្រុមជម្រើសជាតិកម្ពុជាU23 ដោយលទ្ធផលនៃការប្រកួតយប់នេះនឹងកំណត់ថា តើកម្ពុជាយើងអាចឡើងទៅវគ្គ ៤ ក្រុមចុងក្រោយដែរឬទេ?
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម២៣ឆ្នាំ ក្នុងពានរង្វាន់ AFF U23 CHAMPIONSHIP 2022 ។
កម្ពុជា v ទីម័រខាងកើតនៅយប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២២ នៅវេលាម៉ោង ១៩និង០០នាទី នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
ការប្រកួតនេះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV News និង ផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា BTV Newsផងដែរ «ទាំងអស់គ្នាដេីម្បីកម្ពុជា»!។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំមានពិន្ទុក្នុងដៃ៦ពិន្ទុនាំមុខគេក្នុងពូល A បន្ទាប់ពីឈ្នះប្រុ៊យណេ៦គ្រាប់ ហើយនិងឈ្នះហ្វីលីពីន ១គ្រាប់មក។
តាមរយៈបណ្តាញសង្គម facebook មានការចាប់អារម្មណ៍បំផុតទៅលើកីឡាករ ឡេង ណូរ៉ា ដោយមានសារបង្ហោះជាច្រើនលើកឡើងថា ឡេង ណូរ៉ា ធ្លាប់ជាកុមារម្នាក់ដែលរស់នៅក្នុងអង្គការមណ្ឌលកុមារកំព្រា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ពេលគាត់មានវ័យ៦ឆ្នាំគាត់បានបាត់បង់ឪពុកជាជនជាតិហ្គាណា, ឥឡូវក្លាយជាកីឡាករតំណាងជាតិក្នុងវ័យ១៧ឆ្នាំ ជាកីឡាករបាល់ទាត់ជម្រើសជាតិ U 23 របស់កម្ពុជា ៕
ដោយ : សិលា