ខេត្តស្វាយរៀង៖ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះឆាយ ហុន អាយុ៤៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ។
ទី២-ឈ្មោះវ៉ែន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលអំពិល ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ទី៣-ឈ្មោះយស់ ប៊ុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង
និងទី៤-ឈ្មោះសៅ ចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន២៣កញ្ចប់(ធំចំនួន១៩ កញ្ចប់,តូចចំនួន០៤កញ្ចប់)ទម្ងន់ថ្នាំសុទ្ធសរុប១២០,៦២ក្រាម, ទូរស័ព្ធដៃចំនួន ០៦គ្រឿង, ម៉ូតូចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១ សន្លឹក, កាបូបដៃចំនួន០១, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងនិងសម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ប្រភពបន្តថា កាលពីវេលាម៉ោង១១និង ០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ជាពីលោកនុត នន្ទ មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ដោយមានការសម្របសម្រួលពីលោកខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈលេខ ទូរសព្ទ០១២ ៤៥ ៤៨ ៧៧ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យបាន៤នាក់រួមនឹងងវត្ថុតាងនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន