លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ព្រមានពីករណីឆ្លងប្រចាំថ្ងៃដែលនឹងអាចឡើងដល់៤ខ្ទង់ក្នុងពេលឆាប់ៗនេះ ប្រសិនបើមិនអនុវត្តវិធានការ”បីការពារ បីកុំ”

ចែករំលែក៖

ភ្នំពេញ៖​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយបានព្រមានពីករណី ឆ្លងប្រចាំថ្ងៃដែលអាចនឹងកើនឡើងពី៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើបង ប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តធ្វេសប្រហែស និងមិនអនុវត្តវិធានការ “បីការពារ និងបីកុំ”​ ឱ្យបានខ្ជាប់ខ្ជួនទេនោះ។​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AKP។

ជាក់ស្ដែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ​ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ បានព្រមានយ៉ាងដូច្នេះថា៖​ ព្រោះថាវីរុស កូវីដ-១៩នៅកម្ពុជា ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជាយើងទៅហើយៗ បាននិងកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍រស់នៅជាមួយនឹងល្បឿនដ៏លឿន ទៀតផង។

លោកស្រី​រដ្ឋលេខាធិការ​រូបនេះ​ បានពន្យល់ថា ៖ “ការចម្លងវីរុសកូវីដ-១៩ គឺតាមរយៈការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឬពីបុគ្គលម្នាក់ទៅបុគ្គលច្រើននាក់ ហើយនៅក្នុងបរិបទនៃការចម្លងរបស់អូមីក្រុងនេះទៀត ការចម្លងគឺកាន់តែលឿន មានន័យថាក្នុងរយៈពេល២ថ្ងៃ ទៅ៣ថ្ងៃយ៉ាងយូរ បើសិនជាមានបុគ្គល២នាក់វិជ្ជមាន ហើយមិនបានអនុវត្តវិធានការ ការពារខ្លួន ២ថ្ងៃក្រោយការចម្លងនឹងកើនទៅដល់បុគ្គល៤នាក់ ហើយ២ថ្ងៃក្រោយទៀត ការចម្លងនឹងកើនទៅដល់បុគ្គល ៨នាក់។ ដូច្នេះហើយទើបកំណើនការឆ្លងវីរុសកូវីដ-១៩ មានកំណើនលឿន ដូចអ្វីដែលយើងបានឃើញទាំងអស់គ្នាហើយ ចាប់ពីករណីអូមីក្រុងទី១ គឺចាប់ផ្តើមពីមួយខ្ទង់ បន្ទាប់មកពីរខ្ទង់ ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានរហូតដល់ បីខ្ទង់។ អញ្ចឹងមិនយូរមិនឆាប់ទេ ការឆ្លងនឹងឡើងដល់បួនខ្ទង់មិនខាន បើបងប្អូនប្រជាពលរដ្ឋយើងនៅតែបន្តមើលស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានត្រឹមត្រូវទេនោះ”។

លោកស្រី​វេជ្ជបណ្ឌិត​ បានសង្កត់ធ្ងន់ថា ៖ “សូមកុំមើលស្រាលវីរុសកូវីដ-១៩ប្រភេទ អូមីក្រុង ព្រោះថាអត្រាឆ្លងកាន់តែ ច្រើន អត្រាសម្រាកពេទ្យក៏កាន់ខ្ពស់ មូលដ្ឋានសុខាភិបាលទប់ទល់លែងជាប់ ច្បាស់ណាស់អត្រាមរណភាពនឹងកើតមាន ហើយវីរុសប្រភេទអូមីក្រុងនេះ បានចាប់ផ្តើមផ្តាច់ជីវិតអ្នកជំងឺជាបណ្តើរៗហើយនៅជុំវិញពិភពលោក បើទោះជាកម្ពុជា មិនទាន់មានពិតមែន ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែសនោះដែរ”។

ជាមួយគ្នានោះ​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ក៏បានអំពាវនាវដ៏ទទូច និងជាថ្មី ដោយសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវ បន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុស-១៩ តាមគន្លងប្រក្រតីភាពថ្មី។

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៩៦% ៕

...

ដោយ៖​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print