ភ្នំពេញ៖ មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណប្រមាណជា៤នាក់ ប្រដាប់ដោយកាំបិតកែច្នៃ និងពាក់មួកការពារសុវត្ថិភាពបានមកធ្វេីសកម្មភាពកាប់ប្រហារទៅលេីម្ចាស់ហាងយីហោ២៥០០រៀល ប៉ុន្តែមិនបានសម្រេចឡើយ ហើយភ្លាមៗនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។
បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ ករណីខាងលើនេះបានកេីតឡេីងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ស្ថិតនៅចំណុចហាងលក់ដូរយីហោ”២៥០០៛” តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្រ្តីដដែលបន្តថា៖ ម្ចាស់ហាងយីហោ២៥០០៛ ដែលត្រូវក្រុមជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមកធ្វើសកម្មភាពដេញកាប់ដល់ក្នុងហាងគោលបំណងចង់សម្លាប់នេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវដេីម្បីកំណត់មុខសញ្ញា និងតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់។ ដោយឡែកជនរងគ្រោះកំពុងតែលាក់បាំងពីអត្តសញ្ញាណរបស់ជនសង្ស័យផងដែរ ហើយភ្លាមៗនោះជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្ដឹងនោះដែរ គឺទាល់តែសមត្ថកិច្ចចុះមកហៅឱ្យទៅដាក់ពាក្យបណ្ដឹងទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ប៉ុន្តែជនរងគ្រោះបែរជាសរសេរថាមិនស្គាល់មិនដឹងរឿងអ្វីទាំងអស់។
គួរបញ្ជាក់ថា បើទោះជាយ៉ាងណាសមត្ថកិច្ចជំនាញកំពុងតែតាមស្រាវជ្រាវរកជនល្មើសខាងលើនេះដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
សូមជម្រាបថា ក្រោយពេលកេីតហេតុជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនពេលកេីតហេតុពួកគាត់និងក្រុមគ្រួសារមានគ្នាចំនួន៤នាក់កំពុងតែអង្គុយហូបបាយ ស្រាប់តែពេលនោះមានជនល្មេីសចំនួន៤នាក់ប្រដាប់ដោយកាំបិត និងពាក់មួកការពារសុវត្ថិភាពបានមកធ្វេីសកម្មភាពកាប់ប្រហារទៅលើប្តីប្រពន្ធពួកគាត់ ដោយមិនបានកាប់អ្នកផ្សេងនោះទេ។ ប៉ុន្តែដោយពួកគាត់បាននាំគ្នារត់គេចខ្លួនទាន់ទេីបជនដៃដល់ដេញកាប់មិនត្រូវ រួចក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចេញមកជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។
ជនរងគ្រោះពីរនាក់ប្តីប្រពន្ធរូបនេះ ក៏បានអះអាងបន្ថែមថា៖ ក្រុមជនសង្ស័យទាំងនោះមកកាប់ពួកគាត់សង្ស័យជារឿងគំនុំ ហើយអាចមានអ្នកបញ្ជានៅពីក្រោយខ្នងឱ្យមកសម្លាប់ពួកគាត់។ ដូច្នេះពួកគាត់ក៏សូមអំពាវនាវដល់សមត្ថកិច្ចជួយស្វែងរកជនសង្ស័យទាំងនោះដេីម្បីកំណត់មុខសញ្ញានិងចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ផងដែរ៕
ដោយ៖ ជីណា