ក្នុងរយៈពេល៧ថ្ងៃ គិតមកដល់ព្រឹកថ្ងៃទី២០ខែកុម្ភៈ ករណីឆ្លងនិងស្លាប់ដោយកូវីដ-១៩ បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក គឺថយចុះដល់ទៅ២១% ចំណែកអ្នកស្លាប់ក៏បានថយចុះ៩%ដែរ បើប្រៀបធៀបនឹងមួយសប្តាហ៍កន្លងមក ។
ករណីឆ្លងកូវីដ-១៩ មានសញ្ញាស្ងប់ស្ងាត់ជាងមុននៅលើពិភពលោក បើទោះបីមានប្រទេសជាច្រើននៅមានករណីឆ្លងកើនឡើងក្តី ។
នៅតំបន់អឺរ៉ុប ករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល៧ថ្ងៃកន្លងមកបានថយចុះ២៣% ប៉ុន្តែក៏នៅមានប្រទេសជាច្រើនមានករណីឆ្លងកើនឡើងខ្ពស់ដែរដូចជារុស្ស៊ីជាដើម ។ ចំណែកនៅក្នុងតំបន់អាមេរិក អាហ្វ្រិក ក៏មានករណីឆ្លងថយចុះផងដែរ។
ចំពោះករណីឆ្លងនិងស្លាប់នៅក្នុងទ្វីបអាស៊ីក៏បានថយចុះ៨% និងស្លាប់ថយចុះ១៣% ។ ប៉ុន្តែប្រទេសជាច្រើននៅក្នុងតំបន់មានករណីឆ្លងកើនឡើងខ្ពស់ ដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា កូរ៉េខាងត្បូង …។
ករណីឆ្លងថយចុះខ្លាំងគឺនៅអាមេរិក ដោយមានអ្នកឆ្លងថយចុះពី១សែននាក់ក្នុងមួយថ្ងៃ នៅសល់តែ៤សែននាក់ប៉ុណ្ណោះ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ៤១,៤៤៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៧១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨០,០៧២,៥៦១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៥៩,១៣០នាក់ និងជាសះស្បើយឡើងសរុបជាង ៥១.៥៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺមានជាង៣៣២លាននាក់៕ ដោយសាធី