ប្រមុខរាជរដ្ឋាភិបាល​៖​ អំពាវនាវដល់ឱសថស្ថាន​ កន្លែងលក់ថ្នាំទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ តាមចិត្ត

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានអំពាវនាវដល់ឱសថស្ថាន កន្លែងលក់ថ្នាំទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ តាមចិត្ត ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ងាយទិញសម្រាប់ព្យាបាល។​ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញខណៈដែល​ ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានកើនឡើងច្រើនរយៈពេលចុងក្រោយនេះ និងបានធ្វេីឱ្យប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញថ្នាំ ទុកសម្រាប់ព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។

នាឱកាសនោះដែរ​ សម្តេចតេជោ​ ហ៊ុន​ សែន​ ក៏បានណែនាំដល់ក្រសួងសុខាភិបាល ដែលមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យថ្នាំព្យាបាលកូវីដ១៩ ត្រូវពង្រឹងការត្រួតពិនិត្យជៀសវាងប្រជាពលរដ្ឋទិញប៉ះថ្នាំក្លែងក្លាយ ដែលប៉ះពាល់ដល់សុខភាព និងខាតបង់ថវិកា។

ជាក់ស្ដែង​សម្តេចតេជោ​ប្រមុខរាជរដ្ឋាភិបាល​ បានថ្លែងយ៉ាងដូច្នេះថា៖ “ខ្ញុំសូមអំពាវនាវចំពោះអ្នកលក់ថ្នាំទាំងឡើយ យើងត្រូវបង្កើតសមត្ថភាពនៃការផ្គត់ផ្គង់ថ្នាំបន្ថែមទៀត ប៉ុន្តែសូមឲ្យយកចិត្តទុកដាក់ ទៅលើចំណុច២យ៉ាង អំពីថ្នាំព្យាបាលនោះទី១ តម្លៃថ្នាំកុំបង្កើនទៅតាមចិត្តចង់ ព្រោះឥឡូវឃើញបន្តកន្ទុយគ្នាទៅទិញថ្នាំ ព្រោះប្រជាពលរដ្ឋគាត់មានសមត្ថភាពដើម្បីការពារខ្លួនឯង។ សូមឲ្យកន្លែងលក់ថ្នាំទាំងអស់ ដែលទទួលបានការអនុញ្ញាតសុំកុំដំឡើងថ្លៃទៅតាមចិត្តចង់។ ទី២ ផ្នែកសុខាភិបាលត្រូវតែពិនិត្យមើលថាតើថ្នាំនោះសុទ្ធ ឬមិនសុទ្ធ ព្រោះថ្នាំក្លែងក្លាយ កើតឡើងច្រើនណាស់”។

សូមជម្រាបថា​ បន្ទាប់​ពី​មានការឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី (អូមីក្រុង) កក្រើកឡើងវិញមួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុកនាំចេញគ្នាស្វែងរកទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពិសេសឱសថ Molnupiravir។ ឱសថដែលក្រសួងសុខាភិបាលអនុញ្ញាតនេះ មានលក់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនៅតាមប្រៃសណីយ៍នានាតាមបណ្តាខេត្ត រួមទាំងនៅតាមឱសថស្ថានផងដែរ។ នៅក្រសួងប្រៃសណីយ៍ឱសថ Molnupiravir លក់ក្នុងតម្លៃ៥៥ដុល្លារក្នុង១ដូស ស្មើនឹងមួយកំប៉ុងមាន៤០គ្រាប់។ តែបើតាមឱសថស្ថានឯកជន តម្លៃចាប់ពីជាង៦០ដុល្លារ ដល់ជិត១០០ដុល្លារ បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋទិញថ្នាំនេះ។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ ក្រសួងសុខាភិបាល​ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២​ម្សិលមិញនេះ​ បានចេញសេចក្តីជូនដំណឹង ដោយភ្ជាប់ជាមួយរូបភាពថ្នាំ Molnupiravir ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដោយប្រកាសហាមឃាត់ការចែកចាយ និងលក់ថ្នាំ Molnupiravir ដោយគ្មានការទទួលស្គាល់ត្រឹមត្រូវទាំងនោះផងដែរ។

គួរបញ្ជាក់ថា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២២ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៩៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣៥៨នាក់ និងករណីស្លាប់​ ២នាក់។ ក្នុង​នោះ៖ ករណីឆ្លង​សហគមន៍​ ៥៧២នាក់ និងអ្នកដំណើរពីបរទេស ២៦នាក់។

បេីគិតត្រឹមព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ កម្ពុជា​៖​ អ្នកឆ្លងសរុប​ចំនួន​ 127,575 នាក់​ , អ្នកជាសះស្បើយសរុបចំនួន 121,125 នាក់​ និង អ្នកស្លាប់សរុបចំនួន 3,022 នាក់៕

...

 

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print