ភ្នំពេញ÷ ចំណូលខែដំបូងឆ្នាំ២០២២នេះ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៤,៨១៩,៣១៧ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥៤,៦៨៣,៧៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួ១៣៥,៥៨២ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតខែមករា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣២,៥២០តោន កើនឡើងចំនួន១,២៩៤តោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៨៦ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមករា ឆ្នាំ២០២២ ថ្លៃ១,៥៨៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២១ដុល្លារ ក្នុងមួយតោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែមករា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
កាលពីឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕
ដោយ៖ សូរិយា