ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំ ពាវនាវ ដល់ ប្រជាពលរដ្ឋ ដែលបានធ្វេីតេស្តរហ័សរកកូវីដ-១៩ និងមានលទ្ធផលតេស្តវិជ្ជមាន សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះទៅអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព នោះអាជ្ញាធរ និងបន្ដចុះយកចិត្ដ ទុកដាក់ បន្ថែម ពីរឿងជីវភាព និង
សុខភាពគ្រួសារ ។
លោក វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញបាន បញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២២ កុម្ភៈ ២០២២ នេះថា៖ ប្រជាពលរដ្ឋដដែលបានធ្វេីតេស្តរហ័សរកកូវីដ-១៩ និងមានលទ្ធផល តេស្តវិជ្ជមាន សូមបងប្អូនដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះទៅអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព។ ការដែលប្រជាពលរដ្ឋស្នើសុំព្យាបាលនៅតាមផ្ទះ គឺយើងមានប្រព័ន្ធការងាររបស់យើងនៅតាមខណ្ឌ រួចហើយ ក្រុមការងារ នេះនឹងធ្វើការងារជាមួយពួកគាត់ហើយ។
លោកបន្តថា៖ចំពោះកិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ គឺប្រជាពលរដ្ឋត្រូវបំពេញពាក្យសុំ ដែលបាន បញ្ជាក់ពីគោត្តនាម-នាម អ្នកជំងឺ ថ្ងៃខែឆ្នាំទទួលលទ្ធផល(+)ថ្ងៃខែឆ្នាំកំណើតភេទ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនជាដើម។
ការស្ម័គ្រចិត្ត និងយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះប្រជាពលរដ្ឋត្រូវសហការជាមួយ គ្រូពេទ្យព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពសុខភាព ផ្ដល់ព័ត៌មានត្រឹមត្រូវជាប្រចាំ និងគោរព តាមការណែនាំ ក្នុងអំឡុងពេលធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ។
អ្នកជម្ងឺកូវីដ-១៩ សមាជិកក្នុងផ្ទះ សន្យាគោរពតាមគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងគោលការណ៍ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់អ្នកថែទាំដែលផ្ដល់ការថែទាំព្យា បាលនៅតាមផ្ទះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សន្យាអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅផ្ទះ ក្នុងនោះទី១ ស្នាក់នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ ។ ២ .ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។ .៣ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន ។ ៤. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀតទាត់ជាប្រចាំ ។៥.ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ៦.ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ ។៧. ប្រើប្រាស់សម្ភារៈដាច់ដោយឡែក និងបោកគក់ជាមួយសាប៊ូនិងទឹកឱ្យបានត្រឹមត្រូវ។ ៨ .វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។
ក្នុងករណីប្រព្រឹត្តខុសពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាច បណ្ដាលឱ្យចម្លងជំងឺដល់ បុគ្គលដទៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
ដោយ៖ សំរិត