ទៅឆក់ត្រីក្នុងទឹកស្ទឹងខុសបច្ចេកទេសបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់​បានយកឧបករណ៍ឆក់ត្រីទៅឆក់ត្រីនៅក្នុងទឹកស្ទឹងមួយកន្លែង ប៉ុន្តែដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង​១៦និង១០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងស្ទឹងតានួត ភូមិ​ស្រុកចេក ឃុំបឹងខ្យា​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។​
មន្រ្តីនគបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ សាំង ពិសី អាយុ​១៤ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុខាងលើ មុខរបរសិស្ស​។ ចំណែកវត្ថុតាងរួមមាន ១-ដុំឆក់មួយ,​ ២-ដងឆក់ចំនួនពីរ,​៣-ខ្សែភ្លើងប្រវែង​ពីរ​ម៉ែត្រ​។
ប្រភពដដែលបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ​ សាំង ចាន់ឌី ភេទស្រី អាយុ​៣២ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​ជនរងគ្រោះបានឱ្យ​សមត្ថកិច្ច​ដឹងថា​ មុនពេលកើត​ហេតុ​នៅថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២២​ វេលាម៉ោង​១៣និង៣០នាទី ជនរងគ្រោះបានប្រាប់ខ្លួនជាបងស្រីថា​ យក​អាគុយទៅឆក់​ត្រីនៅស្ទឹងតានួត ភ្លាមនោះខ្លួនក៏ឃាត់ដែរ តែជនរងគ្រោះ​មិនព្រមស្តាប់ទេ រួចក៏បានយកអាគុយឆក់ត្រីទៅឆក់តែម្នាក់ឯង លុះមកដល់វេលាម៉ោង​១៦និង១០នាទីដោយ​សារបាត់ប្អូន​យូរ​ពេកខ្លួនក៏បានទៅតាមរកមើលក៏ឃើញ​ប៊ីដុង​(ជ័រ)​អណ្ដែត​ ភ្លាមនោះខ្លួនបានចុះទៅមើលក៏ឃើញប្អូនត្រូវខ្សែភ្លើងអាគុយឆក់ស្លាប់បាត់ទៅហើយ ក៏​ផ្អើលឆោឡោនិងរាយការណ៍​ទៅសមត្ថកិច្ច​ដើម្បីធ្វើ​ការពិនិត្យ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំង​ជំនាញ​ស្រុក សហការជាមួយកម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន​និង​គ្រូពេទ្យ​ ចុះទៅពិនិត្យសាកសព​ និងកន្លែងកើតហេតុឃើញថា៖ ជនរងគ្រោះមាន​ស្នាមជាំបាតដៃនិង​ម្រាមមេដៃខាង​ឆ្វេង ក្រៅពីនោះ​ពុំមាន​ស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ៕

...

ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print