ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានយកឧបករណ៍ឆក់ត្រីទៅឆក់ត្រីនៅក្នុងទឹកស្ទឹងមួយកន្លែង ប៉ុន្តែដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងស្ទឹងតានួត ភូមិស្រុកចេក ឃុំបឹងខ្យា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្រ្តីនគបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ សាំង ពិសី អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរសិស្ស។ ចំណែកវត្ថុតាងរួមមាន ១-ដុំឆក់មួយ, ២-ដងឆក់ចំនួនពីរ,៣-ខ្សែភ្លើងប្រវែងពីរម៉ែត្រ។
ប្រភពដដែលបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ សាំង ចាន់ឌី ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះបានប្រាប់ខ្លួនជាបងស្រីថា យកអាគុយទៅឆក់ត្រីនៅស្ទឹងតានួត ភ្លាមនោះខ្លួនក៏ឃាត់ដែរ តែជនរងគ្រោះមិនព្រមស្តាប់ទេ រួចក៏បានយកអាគុយឆក់ត្រីទៅឆក់តែម្នាក់ឯង លុះមកដល់វេលាម៉ោង១៦និង១០នាទីដោយសារបាត់ប្អូនយូរពេកខ្លួនក៏បានទៅតាមរកមើលក៏ឃើញប៊ីដុង(ជ័រ)អណ្ដែត ភ្លាមនោះខ្លួនបានចុះទៅមើលក៏ឃើញប្អូនត្រូវខ្សែភ្លើងអាគុយឆក់ស្លាប់បាត់ទៅហើយ ក៏ផ្អើលឆោឡោនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យ ចុះទៅពិនិត្យសាកសព និងកន្លែងកើតហេតុឃើញថា៖ ជនរងគ្រោះមានស្នាមជាំបាតដៃនិងម្រាមមេដៃខាងឆ្វេង ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ៕
ដោយ៖ស្អាងជ័យ