ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និងថ្នាក់មូលដ្ឋានទាំងអស់ត្រូវតែដោះស្រាយបញ្ហា ឬទុក្ខកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន កុំចាំឱ្យប្រជាពលរដ្ឋរាយការណ៍មកដល់សម្ដេច ហើយសម្ដេចដាក់បញ្ហានេះត្រឡប់ទៅវិញ។ នេះបើយោងតាមផេកគណបក្សប្រជាជនកម្ពុជាបង្ហោះជាផ្លូវការ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ក្នុងឱកាសបន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមរយៈ Facebook របស់សម្ដេចផ្ទាល់ គឺទទួលបាននូវសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បីសុំឱ្យសម្ដេចជួយធ្វើអន្ដរាគមន៍ដោះស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះទៅអាជ្ញាធរមូលដ្ឋានវិញដើម្បីស្រាយជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋានបានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឱ្យជួយធ្វើអន្ដរាគមន៍ដោះស្រាយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «បញ្ហានេះ ខ្ញុំស្នើសុំឱ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ធ្វើម៉េចយើងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅនឹងកន្លែង លើកលែងតែយើងដោះស្រាយមិនចេញហួសពីសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ យើងត្រូវខិតខំដោះស្រាយ»។
បើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម មូលហេតុផ្សេងទៀតដែលប្រជាពលរដ្ឋរាយការណ៍ពីទុក្ខកង្វល់មកសម្ដេចបែបនេះ គឺដោយសារមិនទុកចិត្តអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមិនដោះស្រាយបញ្ហាទាំងអស់នេះឱ្យពួកគាត់ ឬមិនអើពើ ហើយចាត់ទុកជាបញ្ហាធម្មតា។
ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ខ្ញុំជួបប្រទះច្រើនហើយ ជួនកាលបញ្ហាច្រើនពេកពួកគាត់មិនសូវឱ្យតម្លៃ មិនសូវយកចិត្តទុកដាក់ទេ អ៊ីចឹងខ្ញុំស្នើថា ទោះបីបញ្ហាតូចក៏ដោយបញ្ហាធំក៏ដោយ យើងជាមន្ដ្រីមិនត្រូវបោះបង់ចោលទេ ត្រូវប្រមូលមកទាំងអស់ ដើម្បីពិនិត្យ»។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះបានរំលឹករឿងថា កាលពីមុនសំបុត្រអនាមិក គេមិនសូវឱ្យតម្លៃនោះទេ ប៉ុន្ដែបច្ចុប្បន្ននេះមិនត្រូវអនុវត្តបែបនេះឡើយ បើទោះបីអ្នកផ្ដល់ព័ត៌មាននេះជាជនអនាមិកឱ្យតែព័ត៌មាននោះពិត គឺត្រូវតែដោះស្រាយ។ សម្ដេចថា មូលហេតុអីបានគេធ្វើអនាមិក ដោយសារគាត់មិនហា៊នចេញមុខ ព្រោះរឿងនោះរសើប ហើយពេលចេញមុខទៅអាចប៉ះពាល់ដល់សុវត្ថិភាពខ្លួនគាត់។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា នៅពេលសម្ដេចទទួលបានព័ត៌មានទាំងអស់នេះតាមរយៈ Facebook ហើយនោះ ក្រុមការងាររបស់សម្ដេចបានរៀបចំបែងចែកព័ត៌មានទាំងអស់នោះទៅតាមអង្គភាពនីមួយៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ច ដើម្បីបញ្ជូនបន្ដទៅថ្នាក់មូលដ្ឋានសិក្សាដោះស្រាយ។ សម្ដេចបន្ដថា កន្លែងខ្លះក៏បានដោះស្រាយ ហើយបញ្ជូនរបាយការណ៍មកវិញថាបានដោះស្រាយរួចរាល់ ប៉ុន្ដែកន្លែងខ្លះមិនបញ្ជូនរបាយការណ៍ត្រលប់មកវិញទេ។
ផេកគណបក្សប្រជាជនកម្ពុជាបានបន្តថា, ក្នុងន័យនេះ សម្ដេចបានបញ្ជាក់ច្បាស់ថា គ្រប់បណ្ដាអង្គភាព ស្ថាប័នចំណុះក្រសួងមហាផ្ទៃ នៅពេលទទួលបានសេចក្ដីរាយការណ៍ ឬរបាយការណ៍ទៅ ត្រូវចាត់ចែងដោះស្រាយ និងឆ្លើយតបភ្លាមៗត្រលប់មកវិញ មិនមែនដាក់ទៅស្ងាត់គ្មានការឆ្លើយតបនោះទេ។
សម្ដេចក្រឡាហោម ស ខេង ហាក់ងឿងឆ្ងល់ដែរថា មិនគួរណាឱ្យបញ្ហាតូចបន្ដិចបន្តួចនៅមូលដ្ឋានលោតមកដល់ថ្នាក់លើទាល់តែសោះ គួរណាស់តែមន្ដ្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំដោះស្រាយបញ្ហាណាដែលមានវិសាលភាពធំៗ មិនមែនដោះស្រាយរឿងមូលដ្ឋានបែបនេះឡើយ៕
ដោយ : សិលា