សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023)។ នេះបើយោងតាមផេកក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវការងារអាទិភាពដូចខាងក្រោម៖

ទី១៖ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋានគតិយុត្តដែលបានដាក់ចេញ រួមមាន៖ «វិធានសុវត្ថិភាពទេសចរណ៍» «នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍» ស្របតាមគន្លងប្រក្រតីភាពថ្មី និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងស្តារនូវទំនុកចិត្តនិងភាពជឿជាក់លើគ្រប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹតិ្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះត្រូវរៀបចំយុទ្ធនាការប្រឡងប្រណាំងរាជធានីខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។

ទី២៖ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ រួមមាន៖ «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣» និង «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង»។

ទី៣៖ គ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជន ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត» ឱ្យបានកាន់តែសកម្ម និងផុសផុល សំដៅសម្រេចបានការអភិវឌ្ឍប្រកបដោយភាពស្អាត និងបៃតង នៅក្នុងទីក្រុង និងកម្ពុជាទាំងមូល ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍នេះ។

ទី៤៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយ «ភាពស្អាត និងអនាម័យ» រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕

ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print