សម្តេចក្រឡាហោម ស ខេង ចង់ដាក់បញ្ចូលការសិក្សាពី ច្បាប់ចរាចរណ៍តាំងពីថ្នាក់មត្តេយ្យសាលាឡើង ខណៈការស្លាប់ និងរបួសរបស់ពលរដ្ឋដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើន !

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងដោយឱ្យពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មត់ចត់ចំពោះអ្នកដែលបំពានច្បាប់ដោយគ្មានការយោគយល់ ឬលើកលែង។ សម្ដេចថាការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ជាវិធានការគន្លឹះក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា, លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញពីក្ដីបារម្ភចំពោះការស្លាប់ និងរបួសរបស់ពលរដ្ឋដោយសារគ្រោះថ្នាក់ចរាចរណ៍ សម្ដេចចង់ដាក់បញ្ជូលកម្មវិធីសិក្សាពីចរាចរណ៍ដល់កុមារដែលសិក្សាថ្នាក់មតេ្តយដល់វិទ្យាល័យដើម្បីបង្កើនការយល់ដឹង និងឱ្យពលរដ្ឋមានរៀបនៃការប្រើប្រាស់ផ្លូវតាំងពីតូច។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យបន្តពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងរបស់ពលរដ្ឋលើច្បាប់ចរាចរណ៍បន្ថែមទៀត។ សម្ដេចក៏ជំរុញឱ្យពិនិត្យឡើងវិញពីការបញ្ចូលខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោកទៅក្នុងកម្មវិធីសិក្សាផងដែរ។

នៅក្នុងសន្និបាតសម្ដេចមានប្រសាសន៍ថា៖ «យើងយកចិត្តទុកដាក់ការផ្សព្វផ្សាយអប់រំពីរឿងចរាចរណ៍នេះគឺក្នុងប្រព័ន្ធអប់រំទាំងមូល បានន័យថាតាំងពីក្រោមរហូតដល់ចប់ ឬក៏យ៉ាងហោចណាស់ពីក្រោមចង់និយាយថាតាំងពីមតេ្តយ្យតែទៅដល់ថ្នាក់លើខ្ពស់ៗបានន័យថាក្មេងជានិស្សិត យុវជនជានិស្សិត រួចហើយនោះមិនចាំបាច់ប្រើពេលដើម្បីសិក្សាច្បាប់ហ្នឹងក៏សឹងថាបានដែរ។ ព្រោះពេលហ្នឹងពិតជាមានការភ្ញាក់រលឹកមានការយល់ដឹងច្រើនជាង។ ប៉ុន្ដែនោះមតេ្តយ្យសាលា យើងត្រូវគិតពីបញ្ហាហ្នឹង»។

សម្ដេចក៏ជំរុញដល់ស្ថាប័នផ្សព្វផ្សាយទាំងអស់ចូលរួមជួយផ្សព្វផ្សាយឱ្យបានច្រើនដើម្បីបញ្ជ្រាបការយល់ដឹងពីបញ្ហានេះ ជាពិសេសគឺអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ខ្លួន។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៦៧០លើក ថយចុះ១៦ភាគរយ បានសម្លាប់មនុស្ស ១ ៤៩៧នាក់ ថយចុះ១៤៩នាក់ និងរបួស ៣ ៦១៥នាក់ ថយចុះ ១ ០៧១នាក់ បើធៀបនឹងឆ្នាំ២០២០។

ដោយឡែកអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានប្រាប់សារព័ត៌មាន ថា, ក្រសួងនឹងពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការឆ្លើយតបចំពោះអនុសាសន៍របស់សម្ដេចក្រឡាហោម។

លោកបន្ថែមថាបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយ:គណៈកម្មការអន្តរក្រសួងដើម្បីពង្រឹងការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមសាលារៀន ដែលវបានរៀបចំដាក់ក្នុងកម្មវិធីសិក្សាតាំងពីឆ្នាំ២០០៤មកម្លេះ៕

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print