អង្គការសហប្រជាជាតិកោះប្រជុំលើកទីពីរ, អ៊ុយក្រែនប្រកាសអាសន្ន

ចែករំលែក៖

អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់លើកទីពីរតាមសំណើរបស់ប្រទេសអ៊ុយក្រែនដែលមានការគាំទ្រពីប្រទេសលោកខាងលិច ។ កិច្ចប្រជុំជាបន្ទាន់នេះត្រូវបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ២៤ខែកុម្ភៈ ស្តីពីវិបត្តិអ៊ុយក្រែន។ ដូចទៅនឹងកិច្ចប្រជុំកាលពីថ្ងៃទី ២១ខែកុម្ភៈនោះដែរ រុស្ស៊ីជាប្រធានប្តូរវេននឹងដឹកនាំកិច្ចប្រជុំនោះ ។ តាមគម្រោងអាមេរិក និង Albania នឹងស្នើសេចក្តីព្រាងច្បាប់ឡើងទៅកាន់កិច្ចប្រជុំ លើកឡើងពីសកម្មភាពរបស់រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក៏បានស្នើដល់អង្គការសហប្រជាជាតិ ពាក់ព័ន្ធក្រុមនៅភាគខាងកើតអ៊ុយក្រែនស្នើរុស្ស៊ីជួយធ្វើអន្តរាគមន៍យោធាការពារតំបន់នោះ។ ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី ២៤ខែកុម្ភៈ រដ្ឋសភាអ៊ុយក្រែនបានប្រកាសអាសន្ននៅទូទាំងប្រទេស ក្នុងពេលដែលកំពុងតែតានតឹងខ្លាំងជាមួយរុស្ស៊ី ។ ច្បាប់អាសន្នត្រូវបានអនុវត្តនៅទូទាំងប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ខែកុម្ភៈ និងអូសបន្លាយរយៈពេល៣០ថ្ងៃ។ លើកលែងតែតំបន់ Donetsk និង Lugansk ស្ថិតនៅភាគខាងកើតអ៊ុយក្រែនដែលបានអនុវត្តច្បាប់អាសន្នតាំងពីឆ្នាំ២០១៤មក។ ក្រោយការប្រកាសអាសន្ន រដ្ឋាភិបាលអ៊ុយក្រែនបានណែនាំពលរដ្ឋរបស់ខ្លួនទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសរុស្ស៊ីត្រូវប្រញាប់ត្រឡប់មកកាន់ប្រទេសកំណើតវិញ។ ភាពតានតឹងបាននិងកំពុងកើតឡើងរឹតតែខ្លាំង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃ២១ខែកុម្ភៈ បានសម្រេចទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួន២នៅភាគខាងកើតអ៊ុយក្រែន គឺ Donetsk និង Luhansk ជារដ្ឋឯករាជ្យ ហើយក៏បានបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ទាំងពីរនោះដើម្បីថែរក្សាសន្តិភាពផងដែរ។ សារព័ត៌មានរ៉យទ័របានផ្សាយថា គេឃើញរថក្រោះរុស្ស៊ីចំនួន៩គ្រឿង បានចល័តពីទឹកដីរុស្ស៊ីចូលទៅកាន់តំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ ទោះជាបែបនេះក្តីក៏នៅ មិនទាន់មាននរណាអាចដឹងច្បាស់ថា តើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នឹងអាចបើកការវាយលុកទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែនដែរឬមួយក៏យ៉ាងណានោះឡើយ ខណៈដែលកងទ័ពរុស្ស៊ីជិត២០០,០០០នាក់ហើយកំពុងមានវត្តមាននៅកៀកព្រំដែនអ៊ុយក្រែនស្រាប់៕ ដោយសាធី

...

រូបថត៖THX/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print