វិស័យពាណិជ្ជកម្មរបស់រុស្ស៊ី តាំងពីឆ្នាំ២០១៤មក ក្រោយពេលរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន លោកខាងលិចបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីយ៉ាងខ្លាំង។ វិស័យពាណិជ្ជកម្មរបស់រុស្ស៊ីតាំងពីពេលនោះមក គឺងាកទៅរកចិនទាំងស្រុង ធ្វើឱ្យចិនក្លាយជាទីតាំងនាំចេញធំបំផុតរបស់រុស្ស៊ី។ សារព័ត៌មានរ៉យទ័របានផ្សាយថា អតីតមន្ត្រីធនាគារពិភពលោក Harry Broadman បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនឹងធ្វើឱ្យទីក្រុងមូស្គូបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគីជាមួយចិន ដោយមិនប្រើប្រាស់ប្រាក់ដុល្លារនោះឡើយ។ លោក Harry Broadman បានបញ្ជាក់ថា «ការដាក់ទណ្ឌកម្មនឹងមិនប៉ះពាល់ខ្លាំងដល់ប្រទេសរុស្ស៊ីនោះឡើយ ព្រោះវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចទីផ្សារ រួមទាំងថាមពលផងដែរ គឺរុស្ស៊ីងាកទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលទទួលបន្ទុកសាងសង់បំពង់ឧស្ម័ន Nord Stream 2 របស់រុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ។ ទណ្ឌកម្មខាងលើដែលមានគោលដៅលើក្រុមហ៊ុន Nord Stream 2 AG និងនាយកប្រតិបត្តិ (CEO) លោក Matthias Warnig នឹងបង្កើនសម្ពាធលើគម្រោងបំពង់ឧស្ម័ននៅឯសមុទ្របាល់ទិក ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនសមត្ថភាពបង្ហូរឧស្ម័នទ្វេដងពីរុស្ស៊ីទៅកាន់អាល្លឺម៉ង់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ, ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនបាននិយាយថា រដ្ឋបាលរបស់លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ជុំវិញគម្រោងបំពង់ឧស្ម័ន Nord Stream 2។ លោក បៃឌិន បានបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ, ខ្ញុំបានបញ្ជាឱ្យរដ្ឋបាលរបស់ខ្ញុំដាក់ទណ្ឌកម្មលើក្រុមហ៊ុន Nord Stream 2 AG និងមន្ត្រីជាន់ខ្ពស់របស់ពួកគេ…ហើយខ្ញុំចង់និយាយច្បាស់ថាយើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការបន្ថែមទៀតប្រសិនបើរុស្ស៊ីនៅតែបន្តភាពតានតឹង»៕ ដោយសាធី
រូបថត៖Yahoonews