ភ្នំពេញ៖ ដេីម្បីចូលរួមអនុវត្តវិធានការរបស់ប្រមុខដឹកនាំសម្ដេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខណ្ឌដូនពេញ ក្រោមការណែនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឱ្យមន្ត្រីជំនាញចុះផ្សព្វផ្សាយវិធានការ « បីការពារ បីកុំ» ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន នៅតាមក្លិបកម្សាន្ត និងបារបារាំង ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាក់ស្ដែងនៅយប់ថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី យោងប្រសាសន៍ដឹកនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះធ្វើការផ្សព្វផ្សាយវិធានការ « ៣ កុំ ៣ ការពារ » និងធ្វើការណែនាំឲ្យចូលរួមអនុវត្តវិធានការសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋានខាងលេីនេះ ស្ថិតនៅក្នុងមូលដ្ឋាន សង្កាត់វត្តភ្នំ ;សង្កាត់ផ្សារចាស់; សង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោក ម៉ុក ច័ន្ទករុណា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការ”បីការពារ បីកុំ” រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុស-១៩ តាមគន្លងប្រក្រតីភាពថ្មីផងដែរ៕
ដោយ៖ស តារា