ខេត្តកំពង់ស្ពឺ : ឆ្លងកាត់បទពិសោធន៍ផ្ទាល់ក្នុងការបំពេញការងារជាមួយអ៊ំ ពូ មីង ជាកម្មាភិបាលគណបក្សប្រជាជនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងដោយមានការអប់រំ បណ្តុះបណ្តាល ណែនាំពីប្រមុខថ្នាក់ដឹកនាំ ខ្ញុំអាចបញ្ជាក់បានថា កម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនទាំងអស់ ពិតជាបានយល់ច្បាស់ពីគុណតម្លៃនៃការចេះគោរពចាស់ទុំ និងការរួមបំពេញការងារជាមួយគ្នាដោយមិនមានប្រកាន់វ័យ។ នេះជាការថ្លែងរបស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា, កម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
សូមរម្លឹកថា, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ធ្លាប់ថ្លែងថា, “ហ្មត់ចត់ បត់បែន តែយើងគ្រប់គ្រងស្ថានភាពបាន”
លោកលើកឡើងថា, ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាវិញ្ញាសាថ្មីមួយ អាចថាជាការសាកល្បងសមត្ថភាពនៃការដឹកនាំក៏ថាបាន ដែលមិនមានប្រទេសណាធ្លាប់បានជួបប្រទះនោះទេ។ មិនថាប្រទេសជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានល្អប្រសើរដែរ។ ដោយឡែកកម្ពុជាដែលជាប្រទេសតូច តែមានបេះដូងធំទូលាយ សម្រេចបានជោគជ័យ ឈ្នះលើវិញ្ញាសាមួយនេះគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាច្រើនលើពិភពលោក នៅតែបន្តជួបប្រទះការលំបាកនៅឡើយ ព្រមទាំងបន្ថែមការការពារសុខុមាលភាពជូនប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងយ៉ាងជោគជាំទូទាំងប្រទេស។ ទាំងនេះមិនត្រឹមតែចេញមកពីការដឹកនាំឈ្លាសវៃ ម៉ឹងម៉ាត់ ហ្មត់ចត់បត់បែន និងការចូលរួមសហការរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ តែយើងក៏មិនអាចព្រងើយកន្តើយបាននូវការអនុវត្តការងារយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីមូលដ្ឋាននោះឡើយ។
ស្របពេលដែលខ្ញុំបានមកដល់ភូមិសាស្ត្រខេត្តជាប់បន្ទាត់ព្រំដែន ក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តឧត្តរមានជ័យនេះ ខ្ញុំសូមឆ្លៀតឱកាស កោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីរាជការ ក្រុមការងារមូលដ្ឋាន ក្នុងការគ្រប់គ្រង និងសម្របសម្រួលបងប្អូនកម្មករដែលវិលត្រឡប់មកពីប្រទេសជិតខាង។ សកម្មភាពនៃការលះបង់របស់មន្ត្រីរាជការដែលជាសមាជិកបក្សទាំងអស់គ្នាពិតជាហត់នឿយណាស់ ម្យ៉ាងត្រូវប្រឈមមុខជាមួយហានិភ័យនានាផង ម្យ៉ាងត្រូវប្រឈមជាមួយបញ្ហានានាជាច្រើនផ្សេងៗទៀតដែលជួបប្រទះផង ទាំងបញ្ហាផ្ទាល់ខ្លួន និងទំនួលខុសត្រូវដទៃទៀត។
គ្រប់ពេលដែលមានការលំបាក ឬពេលមានវិបត្តិ មន្ត្រីនៃគណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមាននៅជាមួយប្រជាជនកម្ពុជាជានិច្ច។ ការណ៍នេះបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជានៅតែជាជម្រើសតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនមានប្រភពពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន៕
ដោយ : សិលា