ខេត្តពោធិ៍សាត់៖ លោកព្រះរាជអាជ្ញារងដឹកនាំកម្លាំងចម្រុះ ឆែកឆេរលំនៅដ្ឋានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ចែកចាយសារធាតុញៀន ២នាក់ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តបានឱ្យដឹងថា មុខសញ្ញាត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ អ៊ុន សិរីវត្តិ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ និងទី២-ឈ្មោះ អ៊ួន សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងសម្ភារប្រើប្រាស់សារធាតុញៀន ហើយក៏បានធ្វើតេស្តតាមរយៈទឹកនោមបានរកឃើញមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ហើយឈានដល់ការឆែកឆេរលំនៅដ្ឋាន និងឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលស្រុកវាលវែងបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ ជួញដូរសារធាតុញៀនចំនួន ៣នាក់ កាលពីយប់ថ្ងៃទី២១ ខែមេសា កន្លងមកនេះ ដោយជាប់ជំពាក់វាក់វិននឹងអ្នកទាំងពីរត្រូវបានឃាត់ខ្លួននេះ ។
ប្រភពបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួន បានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដើម្បីបន្តតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន