ភ្នំពេញ៖ នារីកម្មករកាត់ដេរម្នាក់បាន សម្រក់ទឹកភ្នែកនិងខ្លួនប្រាណញ័រដូចសត្វកណ្តុរហើយសំុឲ្យសន្តិសុខរោងចក្រជួយដឹកនាងមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីដាក់ពាក្យប្តឹងបន្ទាប់ពីបានជួបនិងរស់នៅជាមួយប្តីហេងស៊យអស់រយៈពេលជាច្រើនខែព្រមទាំងវាយធ្វើបាបផ្នែករូបរាងកាយនិង គំរាមសម្លាប់ទៀតផង។
នារីរងគ្រោះត្រូវបានសន្តិសុខបញ្ជូន មកកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ដើម្បីដាក់ពាក្យបណ្តឹងសំុឲ្យសមត្ថ កិច្ចជួយធ្វើអន្តរាគមន៍និងយករូបនាងទៅ ស្រុកកំណើតវិញផងព្រោះមិនអាចរស់នៅជាមួយនឹងប្តីហេងស៊យនោះតទៀតទេ។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៦ ខណៈនាងលួចរត់ចេញពីផ្ទះជួលទៅកាន់ទីតាំងរោងចក្រកាត់ដេរហើយសុំឲ្យសន្តិសុខជូននាងមកប៉ុស្តិ៍។
នារីកម្មការិនីរោងចក្រដែលត្រូវប្តីហេងស៊យវាយធ្វើបាបស្ទើរតែរាល់ថ្ងៃត្រូវបាន គេស្គាល់ឈ្មោះឆែម ម៉ាលីន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកប្តីហេងស៊យដែលបានជួបជាមួយនារីរងគ្រោះ តាមរយៈទូរស័ព្ទហើយចាប់ដៃរួមរស់ជាមួយគ្នារហូតធ្វើបាបនាងស្ទើរគ្មានលស់ថ្ងៃនេះមានឈ្មោះហៅ សាំង អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅស្រុកកំចាយមា ខេត្តព្រៃវែង។
បើតាមនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកនៅចំពោះមុខសមត្ថកិច្ចថា នាងបានជួបឈ្មោះសាំង តាមរយៈទូរស័ព្ទច្រឡំ លេខ ហើយពេលនោះឈ្មោះសាំង ក៏បានសន្យាជាមួយនាងនឹងយកធ្វើជាប្រពន្ធព្រមទាំងបានទៅដល់ស្រុកកំណើតរបស់នាងផង។
នារីរងគ្រោះបានឲ្យដឹងទៀតថា បន្ទាប់ពីសម្តីប្តីហេងស៊យនិយាយបែបនេះធ្វើឲ្យនាងបាក់ទឹកចិត្តក៏ព្រមមករួមរស់ជាមួយ គ្នាដោយរូបគេធ្វើជាកម្មករសំណង់ហើយ ខ្លួនជាកម្មការិនីកាត់ដេរ។ ប៉ុន្តែមិនបានប៉ុន្មានខែផងប្តីហេងស៊យឈ្មោះសាំង រូបនេះក៏ចាប់ផ្តើមមានចិត្តច្រណែននិងប្រច័ណ្ឌ រួចមិនឲ្យខ្លួនចេញធ្វើការ មិនឲ្យចេញទៅខាងក្រៅព្រមទាំងវាយធ្វើបាបគំរាម កំហែងរកសម្លាប់ប្រសិនបើនាងប្រាប់ទៅបងប្អូនឬក៏ប្តឹងទៅសមត្ថកិច្ច។
ប្រភពខាងលើបានឲ្យដឹងទៀតថា ដោយទ្រាំនឹងទង្វើមិនបានចំពោះប្តីហេងស៊យរូបនេះឆ្លៀតឱកាសល្អនាងក៏បានរត់ចេញពីផ្ទះជួលទៅកាន់ទីកន្លែងរោងចក្រកាត់ដេរសុំឲ្យសន្តិសុខជួយដឹកនាងមកកាន់ប៉ុស្តិ៍នគរបាលដើម្បីដាក់ពាក្យបណ្តឹង។ នារីរងគ្រោះនិយាយដោយមិនលាក់លៀមនិងប្រាប់ត្រង់ៗនៅចំពោះមុខសមត្ថកិច្ចថាបានជួបគ្នាជាមួយប្តីហេងស៊យរូប នេះគឺខ្លួន(នារីរងគ្រោះ) ត្រូវបានឈ្មោះ សាំង ជាប្តីធ្វើទុក្ខបុកទោម្ទិញរកតែពេលដេកពួនមិនបាន៕
ដោយ៖ អរុណរះ