ក្រសួងទេសចរណ៍និងវិស័យឯកជន​ ពិភាក្សាគ្នាអំពីប្រភពទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ ទីផ្សារអាស៊ាន និងអឺរ៉ុបជាគោលដៅថ្មីដែលត្រូវគិតគូរមុនគេ សម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំងខេត្តព្រះសីហនុ ក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។ ក្រៅពីនេះ ខេត្តព្រះសីហនុក៏ត្រូវគិតគូរពីការផ្សព្វផ្សាយ និងការសម្របសម្រួលនានា ដើម្បីទាញយកទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើនផងដែរ។

នេះជាការលើកឡើងរបស់អង្គប្រជុំនៃអនុក្រុមការងារកំណត់ប្រភពទីផ្សារទេសចរណ៍វ៉ាក់សាំងសម្រាប់ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារខាងលើ ដោយមានការចូលរួមពីលោក លោកស្រី​ លោកឧកញ៉ា និងវិស័យឯកជនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាច្រើនទៀត។

លោកស្រី​ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាហៅកាត់ថា CATA បានលើកឡើងថា ទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុក្នុងដំណាក់កាលនេះ គឺទីផ្សារអាស៊ាន ដោយមូលហេតុមានភាពងាយស្រួលបត់បែនក្នុងការធ្វើដំណើរជាមួយកម្ពុជា។ ក្រៅពីនេះ ក្រោយវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាបានរៀបចំនៅខេត្តព្រះសីហនុកន្លងទៅនេះ ទីផ្សារនៅអឺរ៉ុប ក៏ចាប់អារម្មណ៍ផងដែរ។ លោកស្រី​ ក៏ស្នើឲ្យស្ថាប័នពាក់ព័ន្ធសិក្សាបន្ថែមធ្វើយ៉ាងណាទាក់ទាញទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើន ព្រោះកន្លងមកទោះមានកប៉ាល់ចូលចតនៅកំពង់ផែយើងក៏ដោយ ក៏មានទេសចរតិចតួចប៉ុណ្ណោះបានឡើងលើគោកមកទស្សនាកម្ពុជា និងចំណាយពេលតិចតួចបំផុតក្នុងការទស្សនាបើធៀបនឹងប្រទេសផ្សេង។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានស្នើឲ្យមានការអនុញ្ញាតទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់ទេសចរណ៍ផងដែរ ជាពិសេស ទេសចរណ៍តាមកប៉ាល់។

ចំណែក​លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​ បានចូលរួមយោបល់ផងដែរ អំពីការរៀបចំឲ្យមានទេសចរណ៍មូស្ល៊ីមមកខេត្តព្រះសីហនុ។ លោក​ បា​នបញ្ជាក់ថា ទេសចរណ៍មូស្ល៊ីធ្វើដំណើរច្រើនលើពិភពលោក ហើយប្រទេសនៅអាស៊ានក៏មានទេសចរណ៍មូស្ល៊ីមច្រើនដែរ។ ការរៀបចំតម្រូវការចាំបាច់នានាសម្រាប់មូស្ល៊ីម ដូចជា ភោជនីយដ្ឋានហាឡាល់ សហគមន៍មូស្ល៊ីមជាដើម នឹងជួយឲ្យមានការទាក់ទាញទេសចរណ៍មូស្ល៊ីបានច្រើន។ លោកអនុរដ្ឋលេខាធិការ​ បានស្នើឲ្យមានការបណ្តុះបណ្តាលអាជីវករ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ឲ្យយល់ដឹងពីទេសចរណ៍មូស្ល៊ីមផងដែរ។

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានលើកឡើងថា កន្លងមក ក្រុមការងាររបស់លោកធ្លាប់បានទាក់ទងជាមួយប្រទេសជិតខាងគឺថៃ វៀតណាម និងឡាវ ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទៅវិញទៅមក តែត្រូវអាក់ខានដោយសារកូវីដ។ ដោយសារស្ថានភាពបច្ចុប្បន្នធូរស្រាលហើយ ក្រុមការងារលោកនឹងជំរុញក្រុមនេះឲ្យដំណើរការឡើងវិញ។ លោកបញ្ជាក់ថា យើងមិនអាចរង់ចាំឲ្យគេមកលេងប្រទេសយើងទេ តែយើងត្រូវរៀបចំកញ្ចប់ហើយទៅហៅគេមកលេង ទើបមានប្រសិទ្ធភាព។

លោក សុខ សង្វារ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាបានក្លាយជាប្រទេសជោគជ័យលើការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងឈានដល់ការបើកប្រទេសមុនគេនៅអាស៊ានដោយគ្មានចត្តាឡីស័ក សម្រាប់ទទួលអ្នកដំណើរជុំវិញពិភពលោក។ លោក​ សុខ​ សង្វារ​ ក៏បានបានថ្លែងអំណរគុណអង្គប្រជុំ ហើយនិងនាំនូវលទ្ធផលនៃកិច្ចប្រជុំនេះជូនថ្នាក់ដឹកនាំរបស់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធដើម្បីពិចារណា។ លោក​ បញ្ជាក់ថា វិស័យទេសចរណ៍ចាំបាច់ត្រូវការកិច្ចសហការរវាងរដ្ឋ និងឯកជន ទើបអាចជោគជ័យទៅបាន។

បន្ថែមពីនេះ​ លោក​ សុខ​ សង្វារ​ សង្ឃឹមថា វិស័យឯកជននឹងបន្តគាំទ្រចូលរួមយោបល់ល្អៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែទទួលបានជោគជ័យ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print