អ្នកនាំពាក្យក្រសួងការពារជាតិ : ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងការពារជាតិ បានបន្តបញ្ជូនកម្លាំងកងវិស្វកម្មពហុជំនាញចំនួន១៨៤នាក់ នៅសាធារណរដ្ឋលីបង់ ,សាធារណរដ្ឋអាហ្វ្រិកកណ្ដាល

ចែករំលែក៖

ភ្នំពេញ : ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងការពារជាតិ បានបន្តបញ្ជូនកម្លាំងកងវិស្វកម្មពហុជំនាញចំនួន១៨៤នាក់ (នាទី២៩នាក់) ទៅប្តូរវេនកម្លាំងចប់អាណត្តិបេសកកម្មនៅសាធារណរដ្ឋលីបង់ និងកម្លាំងកងវិស្វកម្មសំណង់ចំនួន ២១៩នាក់(នារី ២៨នាក់) ទៅប្ដូរវេននៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ នេះជាថ្លែងពីនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ខណៈក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្តសម្រាប់ ខែមីនា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនានា នៅក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា បានបន្តថា, បច្ចុប្បន្នកម្លាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិមាន៧៤នាក់ (នារី១០៩នាក់) នៅ ៥ប្រទេស រួមមានប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ មាលីនិងអាហ្វ្រិកកណ្ដាល។
សូមរម្លឹកថា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តែងតែមានប្រសាសន៍ថា, ផ្តើមចេញពី “នយោបាយឈ្នះ ឈ្នះ” កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ។ សន្តិភាពដែលរកបានមកដោយលំបាកនេះ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ ដែលបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍវែងឆ្ងាយ ក្នុងនោះកងយោធពលខេមរភូមិន្ទ នៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិបានរឹងមាំ ចូលរួមសកម្មក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print